សកម្មភាពនៃការបំបួសដើមឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ បង្ហាញពីការប្តេជ្ញាចិត្តនិងការតស៊ូខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ

Please log in or register to like posts.
ព័ត៌មាន

AKP ក្រចេះ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ –សកម្មភាពនៃការបំបួសដើមឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តនិងការតស៊ូខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជាមន្ត្រីរាជការ ព្រះសង្ឃ ប្រជាសហគមន៍ អាជ្ញាធរដែនដី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែល ប្រទេសកម្ពុជាយើងមាន។នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំពោះមុខអ្នកចូលរួមកម្មវិធីបំបួសដើមឈើប្រមាណ ៣០០ នាក់ក្នុងក្របខណ្ឌនៃកម្មវិធីបោះជំរុំនៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះ។ កម្មវិធីបោះជំរុំក្រោមប្រធានបទ «យល៊ើងស្រឡាញ់ព្រៃឡង់»ឆ្នាំ២០២១ នេះគឺជាលើកទី៣ ហើយដែលក្រសួងបរិស្ថានបានរៀបចំ ឡើងដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធនានា។ លើកទី១ ប្រារព្ធធ្វើនៅខេត្តព្រះវិហារ និងលើកទី២ នៅខេត្តមំពង់ធំ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាកម្មវិធីបោះជំរុំតង់ ១៤ កុម្ភៈដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះធ្វើឡើងក្នុងគោលបំណងទី១៖ បង្ហាញក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាននៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់អភិរក្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ទី២៖ ផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងធនធានធម្មជាតិ, ទី៣៖ បំផុសគំនិត និងស្មារតីដល់ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ និងទី៤៖ បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារ អភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះរួមនឹងការផ្សព្វផ្សាយពីសារផ្សេងទាក់ទងនឹងធនធានធម្មជាតិ ក្រសួងបរិស្ថានជឿជាក់ថា នឹងចូលរួមបណ្តុះស្មារតីពលរដ្ឋខ្មែរឱ្យកាន់តែស្រឡាញ់ធនធានធម្មជាតិ និងចូលរួមកាន់តែសកម្មថែមទៀតដើម្បីអភិរក្សព្រៃឈើសត្វព្រៃ។ ឯកឧត្តមថ្លែងថា ពក៊លរដ្ឋគ្រប់ៗរូបអាចចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលពេលខ្លះ គ្រាន់តែបងប្អូនសន្សំសំចៃទឹក សន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសី ការមិនបរិភោគសាច់សត្វព្រៃ ការចូលរួមដាំដើម ទាំងនេះសុទ្ធតែជាការគោរពនិងស្រឡាញ់ធនធានធម្មជាតិទាំងអស់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ពិធីបំបួសដើមឈើធ្វើឡើងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក៏ពិតមែន តែវាពិតជាមានអត្ថន័យដ៏ជ្រៀលជ្រៅសម្រាប់ ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ ហើយកម្ពុជាមិនមែនមានតែដែនជម្រកសត្វព្រៃឡង់តែមួយដែលត្រូវការពារនិងអភិរក្សឡើយ គឺកម្ពុជាមាន ផ្ទៃដីដែលត្រូវបានដាក់ជាតំបន់អភិរក្សទំហំ ៧,៣លាន ហិកតាដែលបានចែកជា ៧០ តំបន់ក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារទេសភាព និងរបៀងអភិរក្សជីវៈចម្រុះជាដើម។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀត ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងបានតាំងចិត្តខ្ពស់ក្នុងការពារតំបន់ការពារធម្មជាតិទាំងនេះ រហូតទទួលបាននូវការកោតសរសើរជាអន្តរជាតិលើការរៀបចំតំបន់អភិរក្ស និងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា កត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបានក្រោមការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែនតាំងពីឆ្នាំ១៩៩៨មក យើងទាំងអស់គ្នាមានឱកាសគ្រប់គ្រាន់ក្នុងការគិតគូររៀបចំផែនការ យន្តការដើម្បីអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន រហូតកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិកោតសរសើរក្នុងការរៀបចំតំបន់អភិរក្សហើយមានទំហំរហូតដល់ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា និងកម្ពុជាក៏បានក្លាយជាប្រទេសមួយដែលគេតែងតែលាបពណ៌ថាជាប្រទេសដែលកាប់ឈើមកជាប្រទេសដែលមានលទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តថែមទៀត។ នេះបញ្ជាក់ថាកម្ពុជា បានខិតខំការពារអភិរក្សធនធានធម្មជាតិដែលនៅសល់ រក្សាឈើឈរ និងលក់តួនាទីឈើឈរតាមរយៈឥណទានកាបូន ហើយថវិកាដែលទទួលបានត្រូវបានប្រើប្រាស់ដើម្បីអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋាន។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដឹកនាំរៀបចំកម្មវិធីបោះជំរុំរយៈពេល ២ ថ្ងៃ ក្រោមប្រធានបទ «យើងស្រេឡាញ់ព្រៃឡង់» នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ មានការអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីគ្រប់មជ្ឈដ្ឋានរួមមានមន្ត្រីរាជការក្រសួងបរិស្ថាន និង មកពីក្រសួងស្ថាប៍នរដ្ឋផ្សេងទៀត អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាញសហគមន៍តំបន់ ព្រះសង្ឃ យុវជន ប្រជាសហគមន៍ និងអ្នកសារព័ត៌មាន។ កម្មវិធីបោះជំរុំរយៈពេល ២ ថ្ងៃនេះនៅទីស្នាក់ការគម្ពោតគយក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តក្រចេះនឹងមានធ្វើសកម្មភាពជាច្រើនក្នុងនោះមានការបង្ហាញពីវិធីសាស្ត្រនៃការចុះល្បាតព្រៃ ពិធីសាសនាបំបួសដើមឈើ ការជួបពិភាក្សាជាមួយនឹងសហគមន៍ដើម្បីស្វែងយល់ពីជីវភាពនិងការចូលរួមទទួលខុសត្រូវរបស់ពួកគាត់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ ចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយ អូថេក ដែលនៅទីនោះអ្នកជំនាញរបស់ក្រុមហ៊ុននឹងធ្វើបទបង្ហាញពី ការបណ្តុះកូនឈើតាមបែបវិទ្យាសាស្រ្តដើម្បីផ្គត់ផ្គត់តម្រូវការកូនឈើដាំរាប់លានដើមក្នុងមួយឆ្នាំ និង ទស្សនាចម្ការឈើដាំរាប់ពាន់ហិកតាដែលបានដាំរួច និងកំពុងលូតលាស់ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកឧស្សាហកម្មចម្ការឈើដាំដល់អ្នកចូលរួមបានយល់ដឹង។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ត្រូវបានរាជរដ្ឋាភិបាលបង្កើត ឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃឡង់ មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់៕

ដោយ ៖ គង់ សិរីរ័ត្ន, រូបថត ៖ ក្រសួងបរិស្ថាន

You do not have permission to write comment on this post.

Log in Register