រដ្ឋមន្រ្ដីក្រសួងព័ត៌មានស្នើមន្ទីរ​ព័ត៌មាន​ទាំងអស់ពិនិត្យចំពោះអង្គភាពសារ​ព័ត៌មានឯកជន​មួយចំនួនដែលដើរបណ្តុះបណ្តាលស្ដីពីការយកព័ត៌មានតាមប្រព័ន្ធទូរស័ព្ទស្មាតហ្វូន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ –ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានស្នើដល់អគ្គនាយកដ្ឋានព័ត៌មាន និង​សោតទស្សន៍ និងបណ្តាមន្ទីរព័ត៌មានទាំងអស់ធ្វើការពិនិត្យឡើងវិញចំពោះអង្គភាពសារ​ព័ត៌​មានឯកជនមួយចំនួនដែលបានដើរបើកវគ្គបណ្តុះបណ្តាលទាក់ទងការយកព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទដៃ ស្មាតហ្វូន ថាតើមានការស្នើសុំការអនុញ្ញាតដែរ ឬយ៉ាងណា ហើយ គោលបំណងសំខាន់អ្វីដែរក្នុងកិច្ចការងារបណ្ដុះបណ្ដាលនោះ។ ការស្នើនេះ ធ្វើឡើង​ក្នុង​​ ឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងជំរុញឱ្យពិនិត្យលើបញ្ហានេះដើម្បីបង្ការ និងរួមគ្នាទប់ស្កាត់នូវព័ត៌មាន ក្លែងក្លាយ បើសិនជាបណ្តោយឱ្យមានក្រុមដែលមានបំណង​អាក្រក់បំពុលសង្គម គឺគេនឹងបង្ហោះផ្សព្វផ្សាយនូវព័ត៌មាន ដែលមិនពិតជាច្រើននៅក្នុង​បណ្តាញផ្សព្វផ្សាយសង្គម នាំឱ្យមានការយល់ច្រឡំ ហើយពិបាកក្នុងការគ្រប់គ្រង ចាំតែ​ឆ្លើយតបនូវរាល់ព័ត៌មានមិនពិតទាំងនោះ។ ឯកឧត្តមរដ្ឋមន្រ្ដីបានរម្លឹកពាក្យមួយថា រូបថត ១ សន្លឹកស្មើនឹងសំដី ១ ០០០ ពាក្យ ដូច្នេះយើងត្រូវរួមគ្នាពីគ្រប់ផ្នែក និងជំនាញទាំងអស់ មិនត្រឹមតែក្រសួងព័ត៌មាននោះទេ គឺត្រូវក្តាប់ឱ្យបានពីសភាពការណ៍វិវត្ដន៍ថ្មីៗ ដែលកើត​មានឡើងនាពេលបច្ចុប្បន្ននេះ ទាំងព័ត៌មានពិត និងព័ត៌មានមិនពិត ដើម្បីធ្វើយ៉ាងណា​បន្សាបព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវបន្តអនុវត្តន៍ឱ្យបាននូវរាល់ផែនការ និងសកម្មភាពការងារនានារបស់ក្រសួងព័ត៌មាន ដោយឈរលើភាពទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ក៏ត្រូវធ្វើកិច្ចសហការល្អ ជាមួយ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនការងារឱ្យបានឆាប់ទៅមុខបន្ដទៀត។ ឯកឧត្តមក៏ បានសម្ដែងនូវការកោតសរសើរចំពោះលទ្ធផលការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់​ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មានដែលបានប្រឹងប្រែងរួមសហការគ្នា សម្រេច​បានលទ្ធផលការងារជាច្រើន ក្នុងរយៈពេលជាបន្តបន្ទាប់កន្លងមកនេះ។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានបន្ថែមថា អ្វីដែលសំខាន់បន្តទៅមុខទៀត គឺការរួម​សហការ សាមគ្គីផ្ទៃក្នុងគ្នាបានកាន់តែជិតស្និទ្ធ ដើម្បីបំពេញបេសកកម្មការងារ​ចំពោះ​មុខ​ជា​ច្រើនទៀត ដែលក្រសួងព័ត៌មានត្រៀមបំពេញឱ្យបានល្អ ក្នុងនោះការរៀបចំចងក្រង​សៀវ​ភៅស្តីពីកម្ពុជា ឆ្នាំ២០២១(Cambodia 2O21) ដោយដាក់បញ្ចូលបន្ថែមនូវរូបភាព និង​កិច្ច​ខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រង ការឆ្លងរីករាលដាលនៃជំងឺកូវីដ​១៩ បានយ៉ាងល្អប្រសើរ។

ក្រៅពីនេះ សម្រាប់សៀវភៅស្តីពីកម្ពុជា ២០២១នេះ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានជំរុញ​ឱ្យគណៈ​កម្មការ​ចង​ក្រង សៀវភៅ ធ្វើយ៉ាងណាឱ្យបានចប់រួចរាល់នៅមុនកិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប ដើម្បីទុកចែកជូនដល់ថ្នាក់ដឹកនាំ និងប្រមុខរដ្ឋ បណ្តាប្រទេសនានា ដែល​អញ្ជើញ​មកចូល រួមនៅកម្ពុជា៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register