កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៩០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ –តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា នា ឱកាស ពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣ភាគរយ ធៀបនឹង ឆ្នាំ២០២០។ របាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានបង្ហាញថា ក្នុង ចំណោមភ្ញៀវទេសចរជិត៩០ម៉ឺននាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣នាក់ កើន ឡើង ៦,០៥ភាគរយ (ប្រៀបចូលឆ្នាំចិន២០២០) និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០ភាគរយ (ប្រៀបចូលឆ្នាំចិន២០២០)។

ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងចំនួនសរុបខាងលើចំនួនភ្ញៀវតាមថ្ងៃ នីមួយៗ រួមមាន៖ ថ្ងៃទី១ ត្រូវនឹងទី១២ ខែកុម្ភៈ មានភ្ញៀវសរុបប្រមាណ ២០៥.០៧៥ នាក់,

ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ មានភ្ញៀវសរុបប្រមាណ ៤០៨.៥២១នាក់ និងថ្ងៃទី៣ ត្រូវនឹងទី១៤ ខែកុម្ភៈ មានភ្ញៀវសរុបប្រមាណ ២៧៩.០៤២ នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះរួមមាន៖ រាជធានី ភ្នំពេញ មានចំនួន១១៨,៥០២នាក់, ខេត្តសៀមរាបមាន១១៧.៧៨៩នាក់, ខេត្តកំពតមាន ចំនួន១០២.០២៦នាក់, ខេត្តកែបមានចំនួន៩២.៨០៤នាក់, ខេត្តព្រះសីហនុមាន ៨២.០៦៥នាក់, ខេត្តកណ្តាលមានចំនួន៧២.៥១០ នាក់, ខេត្តបាត់ដំបង មាន៦២.៤៦៤នាក់, ខេត្តកោះកុងមានចំនួន ៣៥.២២៥នាក់, ខេត្តកំពង់ស្ពឺមានចំនួន ២៩.៧៧០នាក់, និងខេត្តពោធិ៍សាត់ មានចំនួន ២៤.៧២៣នាក់។

ជាការគួរកត់សម្គាល់លើចំណុចសំខាន់ៗប្រចាំថ្ងៃកន្លងមកគឺ ដោយសារពិធីបុណ្យ ចំថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ លំហូរភ្ញៀវទេសចរផ្ទៃក្នុងមានភាពផុសផុលទូទាំងប្រទេស ហើយ បងប្អូនប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តក្នុងស្រុកច្រើន (ដោយសារយើងទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បាន)។

ទន្ទឹមនឹងនេះ ក៏នៅមានបងប្អូនប្រជាពលរដ្ឋខ្លះ នៅមិនទាន់ត្រលប់ចូលមករាជធានី ភ្នំពេញវិញទេ ហើយអាជីវកម្មមួយចំនួនក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយ តាមទម្លាប់បងប្អូនដែលជាប់ខ្សែស្រឡាយចិន ពួកគាត់ច្រើននៅបន្តដើរ កម្សាន្តរហូតដល់ថ្ងៃ ស្អែកមួយថ្ងៃទៀត។ តាមការវាយតម្លៃបឋម៖ ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មាន កម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរ កម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយតត្រឡប់មកវិញពេលល្ងាច) ការដើរ កម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារមកតាមខ្លួនខ្លះ។ ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តា រាជធានីខេត្តនៅតែជា ចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់ បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។ គ្រប់គោលដៅទេសចរណ៍បាន ខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត។ ប៉ុន្តែ នៅតាមគោលដៅ ទេសចរណ៍ដែលបងប្អូនសម្រុកទៅកម្សាន្តច្រើនក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តន៍ បានពេញលេញនៅឡើយ។

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់៖ ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ បញ្ហាសំរាម គ្រប់គ្រងបានល្អជាងមុន តែនៅតែមានបញ្ហានៅកន្លែងមួយចំនួននៅឡើយ៕

ដោយ ម៉ៅ ចរិយា

You do not have permission to write comment on this post.

Log in Register