អភិបាលខេត្តសៀមរាប ​ចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រី សម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ –ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​ នៅក្នុងពិធីចែកអង្ករដែលបានមកពីធ្វើ ស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ ក្រ២ និង ប្រជាការពារភូមិ) ទូទាំងស្រុកបន្ទាយស្រីចំនួន២,៦៦៨គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដោយសារតែការរាតត្បាតនៃមេរោគកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋមាន ការរងផលប៉ះពាល់ជាច្រើន ក្នុងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រកាន់តែជួបការលំបាក ខ្លាំង​។ ដូច្នេះ រដ្ឋបាលស្រុកបន្ទាយស្រី បាន​សហការជាមួយសប្បុរសជន អង្គការដៃគូ និង ប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម ដើម្បីយកអង្ករមកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុង តំបន់ ដែលនេះគឺជាសកម្មភាពគំរូមួយដ៏ល្អ និងជួយប្រជាពលរដ្ឋបានទាន់ពេលវេលានៅ ពេល ដែលពួកគាត់មានតម្រូវការខ្លាំង។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យ​ដឹងថា អង្ករសម្រាប់ធ្វើការចែក ជូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ និងក្រ២) និងប្រជាការពារទូទាំងស្រុកបន្ទាយស្រីនៅពេលនេះ គឺ បានមកពីការបង្ករបង្កើនផលលើផ្ទៃដីសែ្រចំនួន៤០ហិកតា ដែលរដ្ឋបាលស្រុកបានជួលពីបង ប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ហៅថាស្រែសង្គម។ ការជួលដីស្រែពីបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលស្រុកឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែ ដោយក្នុងមួយគ្រួសារពី ៣ ទៅ ៤បាវស្រូវ ទៅតាម ទំហំដីដែលបងប្អូនប្រជាពលរដ្ឋមាន។ ក្រោយពីបង្កបង្កើនផលស្រូវក្នុងរដូវវស្សា រដ្ឋបាល ស្រុកបានប្រមូលផលលើផ្ទៃដី៤០ហិកតា បានស្រូវចំនួន៨០តោន រួចយកមកកិនជាអង្ករ បានចំនួន៤៣តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ ក្រ២ និងប្រជាការពារ) សរុបទូទាំងស្រុកបន្ទាយស្រីមានចំនួន២,៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួល បានចំនួន២០គីឡូក្រាម៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register