សម្តេចក្រឡាហោម ស ខេង៖ ត្រូវប្រើប្រាស់រថយន្តរបស់រដ្ឋ ឱ្យចំគោលដៅ មិនត្រូវប្រើដើម្បីប្រយោជន៍បុគ្គលឡើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ –សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានព្រមានចំពោះអ្នកដែលប្រើ ប្រាស់រថយន្តរបស់រដ្ឋថា ត្រូវប្រើប្រាស់រថយន្តដោយចំគោលដៅមិនត្រូវប្រើដើម្បីប្រយោជន៍ បុគ្គលនោះទេ។

ការបញ្ជាក់របស់សម្តេច ស ខេង ខណៈសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ រថយន្ត ជូនស្នងការដ្ឋាននគរបាលខេត្ត ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា កន្លងមកក្រសួងមហាផ្ទៃបានផ្ដល់ជូនរថយន្តចំនួន៣លើករួចមកហើយ ដល់បណ្ដាស្នងការ ដ្ឋានអធិការដ្ឋាន និងវរការពារព្រំដែន ដោយបានប្រើប្រាស់ថវិកាសន្សំពីចំណែកមួយនៃថវិកា ជាតិដែលរាជរដ្ឋាភិបាលបាន ផ្ដល់មកក្រសួងមហាផ្ទៃ។

សម្ដេចបន្តថា កន្លងមកថវិកាសន្សំនេះ ក្រសួងបានប្រើប្រាស់សម្រាប់ការកសាង ហេដ្ឋារចនាសម្ព័ន្ធសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល រហូតមកដល់ពេលនេះ ធ្វើឱ្យ សាលានគរបាលគ្រប់ភូមិភាគនៅកម្ពុជា កាន់តែមានសមត្ថភាព និងគុណភាពក្នុងការបណ្ដុះ បណ្ដាលនគរបាល រហូតឈានទៅកាត់បន្ថយការបញ្ជូននគរបាលទៅសិក្សានៅក្រៅ ប្រទេសជាបន្តបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថា នៅពេលនេះ នៅខ្វះរថយន្តជាង៨០គ្រឿងទៀត ដែល ត្រូវផ្ដល់ជូនគ្រប់អធិការដ្ឋាននគរបាល និងវរការពារព្រំដែន ប៉ុន្តែសម្ដេចបានប្រកាសថា ក្រសួងមហាផ្ទៃ បានបញ្ជាទិញរថយន្តថ្មីបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួននៅសេសសល់ នោះហើយ ដោយរថយន្តនឹងអាចមកដល់នាមុនបំណាច់ឆមាសទី២ឆ្នាំ២០២១នេះ។

សម្ដេចក៏បានសង្កត់ធ្ងន់ដែរថា «រថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីសម្រាប់ការលើកគម្រោងប្រេងឥន្ធនៈផង និងការជួសជុលថែទាំផង។ ត្រូវយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រថយ ន្តទាំងនេះឱ្យចំ គោលដៅចៀសវាងបម្រើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយ ប្រព្រឹត្តបទល្មើស»។

សម្ដេចក្រឡាហោម ក៏បានឆ្លៀតលើកឡើងពីករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានបទពិសោធន៍មិនល្អ ប្រៀបបានជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកស័ក្ដិ និងបណ្ដេញចេញ។

សម្ដេចបានមានប្រសាសន៍ថា ពេលនេះ ក្រសួងក៏កំពុងខិតខំពង្រឹងកម្លាំងអធិការដ្ឋា ននគរបាល និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមានភាពរឹងមាំ និងគុណភាព រួមទាំងការបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ការបំពាក់បរិក្ខារ ការដាក់វិន័យ និងលើកទឹកចិត្តត្បិតពួកគាត់ គឺជាអ្នកក្ដាប់ សភាពការណ៍សន្តិសុខ និងនៅកៀកប្រជាពលរដ្ឋក្នុងនាមជាអ្នកបម្រើសេវាសាធារណៈមួយ របស់រដ្ឋ។

សម្ដេចបានបន្ថែមថា នៅតាមមូលដ្ឋានមានតួអង្គ៤ ដែលថ្នាក់ដឹកនាំ ក្នុងនោះក៏មាន ក្រុម ការងាររាជរដ្ឋាភិបាល ត្រូវគិតគូរពីការលើកទឹកចិត្ត និងពង្រឹងកិច្ចការបម្រើ សេវាសាធារ ណៈរួមមាន៖  ១-មេឃុំចៅសង្កាត់, ២-ស្មៀនឃុំសង្កាត់, ៣-មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និង៤-មេភូមិ ដោយគួរផ្ដោតលើការពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលទើបបានកែសម្រួល។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ ណែនាំឱ្យកម្លាំ ងនគរបាលគ្រប់អធិការដ្ឋាន ត្រៀមរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងសហការអនុវត្តវិ ធានការរបស់រាជរដ្ឋាភិបាលក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អប្រសើរ។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយក ដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោមថា រថយន្តដែលបា នផ្ដល់ជូននាឱកាសនេះ គឺជាប្រភេទរថយន្ត Ford មានចំនួន៥០គ្រឿង ដោយបែងចែកជូន បណ្ដាអធិការដ្ឋាននគរបាលស្រុកដាច់ស្រយាលនៅតាមបណ្ដាខេត្តចំនួន១៩។

ឯកឧត្តមបន្តថា ក្នុងនោះ ស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង ៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ស្ពឺ៣គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង៕

ដោយ អ៊ាង ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register