ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្ដឯកភាពលើផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី រយៈពេល ២០ឆ្នាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាព

Please log in or register to like posts.
ព័ត៌មាន

AKP មណ្ឌលគិរី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ –ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងក្រុមប្រឹក្សាខេត្តមណ្ឌលគិរីបាន​ឯកភាព​ ទទួលយកផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ហើយការទទួលយកនេះគឺ​ជា​ការកំណត់ សម្គាល់ប្រវត្តិសាស្រ្តមួយដែលខេត្តមណ្ឌលគិរី មានផែនការរៀបចំដែនដីរបស់ខ្លួនជាលើក ដំបូង។ ក្នុងកិច្ចប្រជុំទទួលយកផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីនេះ ធ្វើ​ឡើងនៅថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីតំណាង​មកពី​ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)​ អង្គការ WWF កម្ពុជា និង​ក្រុមអ្នកជំនាញបច្ចេក ទេស​កសាងផែនការរៀបចំដែនដី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​អង្គការ WWF។

ឯកឧត្តមបណ្ឌិត ម៉េង ប៊ុណ្ណារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានរៀបចំដែនដីនិង​នគរូបនីយកម្ម និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំដែនដីនិង​នគរូបនីយកម្ម​ថ្នាក់ជាតិបានមានប្រសាសន៍ថា ផែនការរៀបចំដែនដីនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់​ខេត្ត​មណ្ឌលគិរី ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ​និងការអភិវឌ្ឍ​នៅក្នុងយុគសម័យនៃភាវូបនីយកម្មថ្នាក់តំបន់ និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ​ ប៉ុន្តែវា​ផ្តល់ឱ្យ​នូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីកំណត់ទម្រង់នៃការអភិវឌ្ឍដែនដីខេត្តក្នុងរយៈ​ពេល ២០ ឆ្នាំខាងមុខ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា “ដូចបានធ្វើសេចក្តីសន្និដ្ឋាន​រួម​នៅក្នុងសិក្ខាសាលាពិគ្រោះយោយល់ចុងក្រោយកាលពីម្សិលមិញ ខ្ញុំទទួលស្គាល់ថាផែន​ការ​រៀបចំដែនដីបានគិតគូរពិចារណារាល់កង្វល់របស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុង​ដំណើរ​ការកសាងផែនការ ដូច្នេះហើយភាពសម្បូរបែបនៃសម្បត្តិធម្មជាតិ​និងវប្បធម៌មូលដ្ឋានគឺ​ជាចំណុចកណ្តាលនៃផែនការនេះ។ ខ្ញុំសង្ឃឹមថា រដ្ឋបាលខេត្ត និងរដ្ឋបាលចំណុះខេត្ត នឹង​ប្រើ​ផែនការរៀបចំដែនដីនេះជាឧបករណ៍នាំផ្លូវសម្រាប់ដំណើរការអភិវឌ្ឍនាពេលអនាគត របស់ខេត្ត។”

ឯកឧត្ដមបណ្ឌិតបានបន្ថែមថា ផែនការរៀបចំដែនដី គឺជាឯកសារយុទ្ធសាស្ត្រ​គោល​នយោបាយសំខាន់មួយ ដែលផ្តល់នូវចក្ខុវិស័យ​និងគោលដៅអភិវឌ្ឍន៍រយៈពេលវែង​សម្រាប់​រយៈពេល ២០ ឆ្នាំខាងមុខ​ (២០២១​-២០៤០) ក៏ដូចជាផ្តល់ទិសដៅជាក់លាក់​សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយ​និរន្តរភាព​ដែលផ្សារភ្ជាប់នឹងការអភិរក្ស។ ទន្ទឹមនេះ ផែនការរៀបចំដែនដី ត្រូវបានបង្កើត​ឡើង​ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់សហគមន៍មូលដ្ឋាន បញ្ហាប្រឈមនៃការអភិវឌ្ឍ និងការប្រែប្រួលនៃប្រព័ន្ធបរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត។

ឯកឧត្តម ស្វាយ​ សំអ៊ាង​​ អភិបាលនៃគណៈអភិបាលខេត្ត​មណ្ឌលគិរី និងជាប្រធាន​គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត បានសាទរចំពោះការចូលរួម​យ៉ាង​សកម្មពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន សហគមន៍មូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល ម្ចាស់ជំនួយ អ្នកជំនាញបចេ្ចកទេស និងវិស័យឯកជន ដែល​សម្រេចបាននូវលទ្ធផលនៃការបង្កើតផែនការរៀបចំដែនដីនេះ។ ឯកឧត្តមអភិបាលខេត្ដ បានថ្លែងថា “ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី មានទិសដៅផ្តល់ឥទ្ធិពលលើការ សម្រេចចិត្ត និងកសាងភាពជាម្ចាស់រួមគ្នា​លើការអភិវឌ្ឍប្រកបដោយតុល្យភាព​រវាងការ គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការទទួលបាននូវ សេវាសាធារណៈប្រកបដោយសមធម៌”។

លោកស្រី ហាញ ងូយយេន​(Hanh Nguyen) នាយកបេសកកម្មស្តីទី របស់ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានឱ្យដឹងថា ទីភ្នាក់ងារសហរដ្ឋ​អាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ​សង្ឃឹមថាផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី នឹង​ត្រូវបានប្រើជាឧបករណ៍យុទ្ធសាស្ត្រមួយដើម្បីតម្រង់ទិសដៅជាអាទិភាពសម្រាប់ការអភិ វឌ្ឍ និងការអភិរក្សខេត្តឱ្យស្រស់ស្អាតមួយនេះ តាមរយៈការដោះស្រាយតម្រូវការបច្ចុប្បន្ន និងការធានាបាននូវការ​អភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយនិរន្តរភាពរយៈពេលវែង និង​មានការបំភាយឧស្ម័នកម្រិតទាប។ លោកស្រីបានបន្ដថា ផែនការរៀបចំដែនដីខេត្ត​មណ្ឌលគិរីគឺជាផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព​ និង​មានការ ទទួលខុសត្រូវ និង​តុល្យភាពនៃការបែងចែក ប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ និងហេដ្ឋា រចនាសម្ព័ន្ធបច្ចេកទេស និងសង្គម ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ខេត្ត និង គោលការណ៍ច្បាប់ ការចូលរួម និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពីគ្រប់ស្ថានប័ន និងភាគីពាក់ព័ន្ធទាំងអស់។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាបានលើកឡើងថា នវានុវត្តន៍ ចម្បងៗបំផុតនៅក្នុងវិធីសាស្រ្តគ្រប់គ្រងតំបន់ទេសភាព គឺការទទួលស្គាល់នូវតម្រូវការ ដើម្បីដោះស្រាយអន្តរកម្មដ៏សាំញ៉ាំនៃវិសាលភាពការប្រើប្រាស់ដែនដី រួមទាំង​ការយល់ដឹង អំពីស្ថាប័ន និងអាកប្បកិរិយារបស់មនុស្សក្នុងនៅទីនោះផងដែរ។ លោកបានបន្ដទៀតថា “អង្គការ WWF កម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការរៀបចំផែនការ ប្រើ ប្រាស់ដីធ្លីប្រកបដោយនិរន្តរភាពដើម្បីថែរក្សាការពារជីវចម្រុះសម្បូរបែបនៅក្នុងខេត្ត មណ្ឌលគិរី”។

សូមបញ្ជាក់ផងដែរថា នៅមុនកិច្ចប្រជុំដើម្បីឯកភាពទទួលយកផែនការរៀបចំដែន​ដីនេះ ភាគីពាក់ព័ន្ធមកពីក្រសួងផ្សេងៗ មន្ទីរជំនាញថ្នាក់ខេត្ត ការិយាល័យរដ្ឋបាលស្រុក ឃុំ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)​ និងវិស័យឯកជន បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់សម្រេចចុងក្រោយស្តីពីផែនការរៀបចំដែនដីកាលពីថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ ២០២១។ ការបង្កើតផែនការរៀបចំដែនដីជាដំណើរការ​ដែល​មានការចូលរួមពីពហុភាគី និងត្រូវបានផ្តួចផ្តើមឡើងនៅខែមករា ឆ្នាំ​ ២០១៧ ដោយ​មាន​ការបង្កើតឡើងនូវរចនាសម្ព័ន្ធអភិបាលកិច្ច ក្រោមការគាំទ្រថវិកាពីសហភាពអ៊ឺរ៉ុប (EU)។​ ការបង្កើតផែនការរៀបចំដែនដី ត្រូវបានចាប់ផ្តើមនៅខែ តុលា ឆ្នាំ ២០១៨ ក្រោមការគាំទ្រ​ថវិកាពីគម្រោងគាំទ្រដែនជម្រកសត្វព្រៃរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការ​អភិវឌ្ឍ​អន្តរជាតិ(USAID) ​តាមរយៈអង្គការ WWF កម្ពុជា។​ ចំពោះដំណើរការកសាងផែន​ការរៀបចំ​ដែនដី បានអនុវត្តន៍ដោយក្រុមអ្នកជំនាញបចេ្ចកទេស រួមមាន ក្រុមការងារស្នូល​រៀបចំផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ក្រុមទីប្រឹក្សាបច្ចេកទេសដែលជ្រើសរើស​ដោយ​អង្គការ WWF កម្ពុជា និងបុគ្គលិកជំនាញរបស់អង្គការ WWF កម្ពុជា៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register