មន្ត្រីសង្ឃជាន់ខ្ពស់ដឹកនាំធម្មយាត្រានៅតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ និង ខេត្តកោះកុង ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋឱ្យស្រឡាញ់ធម្មជាតិ

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ –គណៈសង្ឃនាយក សាលាគណរាជធានីភ្នំពេញ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជរាជធានីភ្នំពេញ និង សាខាបាត់ដំបង អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានដឹកនាំធម្មយាត្រាក្នុងតំបន់ការពារធម្មជាតិក្នុងទឹកដីខេត្តកំពង់ស្ពឺ និង ខេត្តកោះកុងដើម្បីចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន និង ផ្សព្វផ្សាយឱ្យពលរដ្ឋស្រឡាញ់ធម្មជាតិ។

ធម្មយាត្រាក្រោមប្រធានបទ «ព្រះពុទ្ធសាសនា និង បរិស្ថាន» ធ្វើដំណើរដោយថ្មើរជើង ក្នុងចម្ងាយ៧០គីឡូម៉ែត្រ រយៈ២យប់៣ថ្ងៃដឹកនាំដោយ ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជាព្រះសង្ឃ និង គ្រហស្ថសរុបចំនួន១០៧ អង្គ/នាក់កាលពីថ្ងៃ១២-១៤រោច ខែមាឃ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩-១១ ខែកុម្ភៈ ឆ្នាំ២០២១បានកំណត់យកគោលដៅ ភ្នំខ្នងផ្សារ ខ្នងក្រពើ រូងច្រនៀង (ល្អាងខ្មោច ) ល្អាងក្រហម ល្អាង៦០ម៉ែត្រ និង ល្អាងខៀវ ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ និង កោះកុង។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត គណៈកម្មការបច្ចេកទេសធម្មយាត្រាបានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដឹងថា នេះជាធម្មយាត្រាលើកទី២ហើយដែលមានគោលបំណង«ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន ការផ្សព្វផ្សាយដើម្បីឱ្យពលរដ្ឋស្រឡាញ់ធម្មជាតិ និង ការយល់ដឹងអំពីតួនាទីវត្តអារាមនៅក្នុងការជួយថែរក្សាព្រៃឈើ»។ លើសពីនេះទៅទៀត ធម្មយាត្រានេះចង់ឱ្យពលរដ្ឋបានស្គាល់តំបន់ការពារធម្មជាតិស្ថិតនៅចន្លោះខេត្តកំពង់ស្ពឺ និង កោះកុងនោះកាន់តែច្រើនថែមទៀត។

លោក ជា សឿន ព្រឹទ្ធបុរសរងទទួលបន្ទុកអនុប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងបានចូលរួមក្នុងធម្មយាត្រាដែរនោះបានឱ្យដឹងថា ធម្មយាត្រានេះបានធ្វើឱ្យលោកបានស្វែងយល់ពីសុខទុក្ខ និង របៀបរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលព្រៃឈើ និង បានទស្សនាព្រៃធម្មជាតិ ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅទស្សនានៅតំបន់នោះបានកាន់តែច្រើនទ្ធេដង។

លោក ជា សឿន បានបញ្ជាក់ថា«ធម្មយាត្រានេះបានផ្តល់ប្រយោជន៍ក្នុងចូលរួមផ្សព្វផ្សាយអំពីសារៈសំខាន់ព្រៃឈើ និង បរិស្ថានធម្មជាតិដល់ភ្ញៀវជាតិ និង អន្តរជាតិ ជាពិសេសឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះចូលរួមការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើង និង ផ្សាភ្ជាប់ការទំនាក់ទំនងរវាងប្រជាពលរដ្ឋតំបន់ព្រៃភ្នំជាមួយនិងតំបន់ទីក្រុង»។

គួររម្លឹកថា ធម្មយាត្រា «ព្រះពុទ្ធសាសនា និង បរិស្ថាន»នេះធ្វើឡើងស្របគ្នានឹងក្រសួងបរិស្ថានកំពុងបំផុសគំនិត និង ស្មារតីដល់ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និង ចូលរួមអភិរក្សធនធានធម្មជាតិ។ កាលពីឆ្នាំ២០២០ ក្រសួងបរិស្ថានធ្លាប់បានប្រគេនបណ្ណសរសើរមេត្រីភាពបរិស្ថានដល់វត្តអារាម និង សាលារៀនមួយចំនួនដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា ក្រុមការងារវាយតម្លៃគុណវុឌ្ឍិនៃនាយកដ្ឋានរង្វាន់ និង លើកទឹកចិត្ត នៃក្រសួងបរិស្ថាននឹងសហការជាមួយក្រសួងធម្មការ និង សាសនា ព្រមទាំងគណៈសង្ឃទាំងពីរគណៈដើម្បីវាយតម្លៃ និង ផ្តល់បណ្ណសរសើរមេត្រីបរិស្ថានដល់វត្តអារាមផ្សេងៗទៀត៕

ដោយ ៖ គង់ សិរីរ័ត្ន

You do not have permission to write comment on this post.

Log in Register