១៣ក្រុមចូលរួមប្រជែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ –គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាកីឡាបាល់ទាត់កម្ពុជាបានបង្ហាញនូវការប្រកួត លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ មាន១៣ក្រុមចូលរួមប្រជែងជើងឯកដូចរដូវកាល ២០២០ ដែរ ដែលគ្រោងនឹងចូលមកដល់នាថ្ងៃទី០៦ ខែមីនា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

ក្រុមនានានៃក្របខ័ណ្ឌលីគកំពូលកម្ពុជាបានចូលរួមប្រកួត្រៀម Pre-Season ជាបន្តបន្ទាប់ ដើម្បី បង្កើនគុណភាពបច្ចេកទេស ក្នុងការត្រៀមប្រកួតផ្លូវការ នាដើមខែក្រោយនេះ។ CNCC មិនទាន់ចេញ នូវកម្មវិធីប្រកួតនៅឡើយទេ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ុន្តែគណៈកម្មការជាតិ ដែលគ្រប់គ្រងលើ​ការ​ប្រកួតទាំងពីរកម្រិត គឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជានេះបានបង្ហាញនូវ​លក្ខខណ្ឌ​សង្ខេបសំខាន់ៗមួយចំនួន ក្នុងដំណើរការក្របខ័ណ្ឌលីគកំពូល រដូវកាលថ្មី២០២១នេះ។ ការ​ប្រកួត​លីគ​នេះប្រើប្រាស់តាមរូបមន្តសន្សំពិន្ទុសុទ្ធចំនួនពីរជើង (ម្ចាសផ្ទះ-ភ្ញៀវ) ហើយក្រុមដែលមានពិន្ទុ​ខ្ពស់​ជាងគេនឹងក្លាយជាម្ចាស់ជើងឯកលីគតែម្តង។ ក្នុងករណីមានក្រុមពីរ ឬច្រើនជាងនេះមានពិន្ទុ​ស្មើគ្នា​នោះ ការកំណត់ចំណាត់ថ្នាក់នឹងអនុវត្តន៍តាមលំដាប់លំដោយ នៃនីតិវិធីដូចជា លក្ខខណ្ឌជាគោលការណ៍ រួម សំខាន់ៗរួមមាន៖ ១.ពិន្ទុសរុប (លទ្ធផល) ក្រុមដែលពាក់ព័ន្ធ (Head to Head)។ ២.ផលសងគ្រាប់បាល់ សរុបរវាងក្រុមដែលពាក់ព័ន្ធ(Head to Head) ។ ៣.គ្រាប់បាល់ទាត់ចូលទីគេសរុបរវាងក្រុមដែលពាក់ ព័ន្ធ (Head to Head) ។ ៤. ផលសងគ្រាប់បាល់សរុប។៥.គ្រាប់បាល់ទាត់ចូលទីសរុប។ ៦. ទាត់បាល់១១ ម៉ែត្រ ប្រសិនបើពាក់ព័ន្ធតែពីរក្រុមហើយក្រុមទាំងពីរកំពុងប្រកួតនៅលើទីលាន។ ៧.ក្រុមមានចំណាត់ថ្នាក់ Fair Play ល្អជាងគេ។ ចំពោះពិន្ទុតិចជាងគេ ក្នុងការបូកសរុបកាតលឿង និងកាតក្រហមពីការប្រកួត​ទាំង​អស់របស់ក្រុម។ ៨.ចាប់ឆ្នោតកំណត់យកក្រុមឈ្នះ។ការប្រកួតទាំងអស់មិនគិតគ្រាប់បាល់ក្រៅដីទេ (Away Goal)។

ចំពោះក្លឹបដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ១៣ (បាតតារាង) នៃក្របខ័ណ្ឌលីគកំពូលនឹងត្រូវកាត់​ចេញ​ទម្លាក់ទៅលេងក្របខ័ណ្ឌលីគទី២ (Cambodian League 2)។ ក្លឹបបានបញ្ចប់ដោយចំណាត់ថ្នាក់លេខ១ នៃក្របខ័ណ្ឌទី២ (Cambodian League 2) នឹងត្រូវបានឡើងមកលេងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវកាល ២០២២ ដោយស្វ័យប្រវត្តិ។ ក្លឹបដែលបានឡើងពីក្របខណ្ឌទី២ ឆ្នាំ២០២១ ត្រូវមានអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិ ដើម្បីចូលរួមការប្រកួតក្របខ័ណ្ឌកំពូល២០២២។ ក្នុងករណីក្លឹបដែលម្ចាស់ជើងឯកនៃលីគទី២​ឡើងមក​លីគទី១មិនបានបំពេញគ្រប់លក្ខខណ្ឌអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិនោះទេ ដូច្នេះក្លឹបជើងឯករងនៃលីគទី២​អាច​ទទួលបានឱកាសបន្ទាប់ពីម្ចាស់ជើងឯកឡើងមកលីគទី១ ក្នុងករណីមានអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិ ប៉ុន្តែ ប្រសិនបើមិនមាននោះគឺមិនអនុញ្ញាតឡើយសម្រាប់រដូវកាល ២០២២។ ក្នុងករណីក្លិបដែលឡើងពីលីគ ទី២ មកលីគទី១ ដែលមានម្ចាស់ ឬ/និងអ្នកគ្រប់គ្រងជាមួយក្លឹបណាមួយនៅក្នុងលីគទី១ នោះក្លឹបដែល​ត្រូវឡើងមកលីគទី១ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតក្នុងលីគទី១ឡើយ លុះត្រាតែក្លឹបក្នុងលីគ​ទី១ ដែលមានម្ចាស់ ឬ/និងអ្នកគ្រប់គ្រងដូចគ្នា/ជាមួយនឹងក្លឹបក្នុងលីគទី២ ដែលត្រូវឡើងមកនោះ​ត្រូវបាន​ធ្លាក់ និងកាត់ជម្រុះចេញពីលីគទី១ ទៅលីគទី២ វិញដោយមានពិន្ទុទាបជាងគេនៅក្នុងតារាងលីគទី១ នាពេល​រដូវកាលបានបញ្ចប់៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register