ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឱ្យអង្គភាពស្ថាបនាផ្លូវ និងលូ ក្នុងគម្រោងផ្លូវ៣៨ នៅក្នុងក្រុងសៀមរាបអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ — ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យ វឌ្ឍនភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយបានផ្តោតសំខាន់ ទៅលើការពិនិត្យលើប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកកខ្វក់និងសុវត្ថិភាពចរាចរណ៍ ព្រមទាំង សណ្តាប់ធ្នាប់ការដ្ឋាន។

ឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោល បំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើនរម្លឹកឱ្យអង្គភាព សាង សង់ទាំងអស់អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាដើម្បីពិនិត្យគុណភាពនៃការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូ ទឹកកខ្វក់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការ ខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាម៉េរិក និងថវិកាប្រមាណជាង៩លានដុល្លារអាម៉េរិកទៀត សម្រាប់ការងារ ចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ដែលនៅក្រៅគម្រោង សាង សង់ខ្សែផ្លូវទាំង៣៨ខ្សែនេះ ដោយចំណាយពេលសាងសង់ចំនួន១៣ខែគ្រោងនឹង បញ្ចប់នៅចុងឆ្នាំ២០២១។

គម្រោងផ្លូវ៣៨ខ្សែនេះ អនុវត្តន៍ដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១. កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, ២. កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, ៣. កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, ៤. អគ្គនាយកដ្ឋាន សាធារណការ, ៥. អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, ៦. នាយកដ្ឋាន គ្រឿងចក្រ និងស្ថាបនាផ្លូវ, ៧. នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨. មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។ ការសាងសង់នេះត្រូវពិនិត្យលើលក្ខណៈបច្ចេកទេស សាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដារបច្ចេកទេសធានាបាននូវ គុណភាពជាប់រឹងមាំប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមានប្រសិទ្ធភាពខ្ពស់ និង សម្រេចការងារឱ្យបានទាន់ពេលវេលា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាបខេត្តសៀមរាប គិត ត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន១៨ភាគរយហើយ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការការដ្ឋានសាងសង់ និងចូលរួម សហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យ ដំណើរការគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះ អនុវត្តន៍ទៅដោយរលូន និងអាចប្រែក្លាយ ទីក្រុង សៀមរាបទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោភណភាព ក្រុងឱ្យស័ក្តិសមជាទីក្រុង ទេសចរណ៍ផងដែរ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register