ឯកឧត្តម ខៀវ កាញារីទ្ធ៖ កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ១៩ បាននោះឡើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ — ដើម្បីធ្វើការបកស្រាយ និងឆ្លើយតបទាក់ទងទៅនឹងការផ្សព្វផ្សាយថា កម្ពុជាបាន​លាក់​បាំងព័ត៌មានពីការស្លាប់នៃអ្នកកើតជំងឺកូវីដ១៩ នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មានបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយនេះគឺជាព័ត៌មានមិនពិត ព្រោះថាកិច្ចការ​ងារ​នេះ ក្រសួងសុខាភិបាលកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបង្ការ និង​គ្រប់គ្រង​ជំងឺសហរដ្ឋអាមេរិក(CDC) និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ហើយកម្ពុជាក៏មិន​អាច​លាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ១៩ បាននោះឡើយ។ ការគូសបញ្ជាក់របស់​ឯកឧត្ដម​រដ្ឋមន្រ្ដីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ចំពោះជំងឺកូវីដ១៩នេះ មជ្ឈមណ្ឌលបង្ការ​និងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក(CDC) បានធ្វើកិច្ចការងារនេះច្បាស់លាស់ណាស់ មិនអាច​ភូតកុហក រដ្ឋាភិបាលរបស់គេនោះទេ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងថា ប្រការនេះហើយដែល​កម្ពុជា​មានសាក្សីសំខាន់ចំនួនពីរ គឺ អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលបង្ការ ត្រួត​ពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ហើយក្រសួងសុខាភិបាលកម្ពុជា មិនអាចធ្វើតែម្នាក់ឯង​ក្នុង​កិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បាននោះទេ។ ចំពោះស្ថាប័នអន្តរជាតិធំៗទាំងពីរនេះ ជាមូលដ្ឋានក្នុងការបង្ហាញថា កម្ពុជាមិនបានលាក់បាំងព័ត៌មាននោះទេ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា អ្វីដែលសំខាន់ក្នុងដំណាក់កាលនេះ ប្រព័ន្ធផ្សព្វ​ផ្សាយ​របស់ជាតិ ដែលបានខិតខំផ្សាយបានឆាប់រហ័ស ទាក់ទងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគម២០ កុម្ភ: ក៏ដូចជាលើកពីវិធានការសំខាន់ៗរបស់ក្រសួងសុខាភិបាល និងប្រមុខ​រាជ​រដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់កុំឱ្យមានការឆ្លងរីក​រាល​ដាលនៃជំងឺនេះ កាន់តែធំឡើងបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានជំរុញដល់​ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិចំពោះអ្វីដែលត្រូវបន្តធ្វើទៀតនោះ គឺការផ្សាយនូវរាល់ព័ត៌មានពិត ត្រឹមត្រូវទាក់ទងបញ្ហា នៃជំងឺកូវីដ១៩ ដោយត្រូវយក​តែប្រភព​មួយគត់ពី ក្រសួងសុខាភិបាល​ដែល​បានចេញផ្សាយ ដើម្បីបន្សាបនូវព័ត៌មានមិនពិត ដើម្បី​លុបលើព័ត៌មានក្លែងក្លាយ ដែល​បានផ្សាយកន្លងមកនេះ ធ្វើឱ្យ សាធារណជនមានការ​យល់​ច្រឡំ ។ 

ឯកឧត្ដម ខៀវ កាញារីទ្ធ បានបន្ថែមថា បញ្ហាសំខាន់ៗមួយចំនួនទៀត សម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយរបស់ជាតិគឺត្រូវ​ធ្វើយ៉ាងណាដាក់ចេញវិធានការ និងផែនការសកម្មភាពការងារ នានាជាច្រើន ដើម្បីពង្រឹងប្រសិទ្ធភាព ការអនុវត្តឱ្យកាន់តែបានល្អបន្តទៅមុខទៀត ពិសេស​ការផ្សាយពីវិធានការក្នុងការរួមគ្នា ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលជា​កង្វល់​រួមសម្រាប់មនុស្សជាតិទាំងមូល៕

ដោយ រិទ្ធី​ រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register