រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើឱ្យមន្រ្តីគយនៅច្រកទ្វារព្រំប្រទល់វៀតណាម ខិតខំអនុវត្តការងារឱ្យបានល្អ និងទប់ស្កាត់ការរត់ពន្ធខុសច្បាប់ឱ្យមានប្រសិទ្ធភាព

Please log in or register to like posts.
ព័ត៌មាន

AKP មណ្ឌលគិរី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ — រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យសាខាគយ និងរដ្ឋាករ ជាពិសេសការិយាល័យគយ និងរដ្ឋាករ នៅតាមច្រកទ្វារព្រំប្រទល់វៀតណាម បន្តការខិតខំអនុវត្តការងារឱ្យបានល្អ និងចូលរួមទប់ស្កាត់ការរត់ពន្ធខុសច្បាប់ឱ្យមានប្រសិទ្ធភាពដើម្បីកៀរគររកចំណូល ប្រមូលចូលថវិកាជាតិ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជារួមជាមួយ មន្រ្តីពាក់ព័ន្ធក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញគយ និងរដ្ឋាករ បានចុះពិនិត្យស្ថានភាពការងារគ្រប់គ្រង នៅការិយាល័យគយ និងរដ្ឋាករឡាបាខេស្ថិតក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ខែកុម្ភះ ឆ្នាំ២០២១ បានមានប្រសាសន៍ថា រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលការណ៍ជាច្រើន ជាពិសេសការអនុវត្តន៍ការមិនមានបង្កើនអត្រាពន្ធ, ឬបង្កើតពន្ធថ្មី, ការពង្រឹងច្បាប់, និងបទប្បញ្ញត្តិដែលមានស្រាប់ និងពង្រឹងការគ្រប់គ្រងការប្រមូលចំណូលឱ្យអស់សក្តានុពលដែលមានស្រាប់ ការធានាឱ្យបាននូវភាពងាយស្រួល និងភាពត្រឹមត្រូវនៃការបង់ពន្ធ ដោយអនុវត្តតាមយុទ្ធសាស្រ្តកៀរគរចំណូលឱ្យបានម៉ឺងម៉ាត់ ក្នុងការផ្តល់ជាផ្លែផ្កាជាបន្តបន្ទាប់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីអនុវត្តការកៀរគរចំណូលឱ្យមានប្រសិទ្ធភាព អង្គភាពគយ និងរដ្ឋាករ នៅតាមច្រកទ្វារទាំងអស់ ជាពិសេសការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារនេះផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារឱ្យបានល្អ ជាពិសេសការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ ដើម្បីប្រមូលកៀរគររកចំណូលឱ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងបន្តថា ក្រៅពីគោលការណ៍ខាងលើ, នៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាបានអនុវត្តវិធានការ និងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដែលបញ្ហាទាំងនេះបានកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់ របស់សម្តេចតេជោ ពិសេសការអនុវត្តន៍នូវវិធានការសុខាភិបាល តាមរយៈការវាស់កំដៅ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតសង្គម និងមានការចូលរួមគាំទ្ររបស់ប្រជាជន ដោយស្នាក់នៅក្នុងផ្ទះ និងមិនចេញទៅក្រៅ នៅពេលដែលមិនចាំបាច់ ជាពិសេសរាជរដ្ឋាភិបាលបានកំពុងអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីជួយសង្គ្រោះដល់ជីវិតប្រជាជន ការដោះស្រាយការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ និងជំរុញការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន ខណៈកម្ពុជាគឺជាប្រទេសមួយមានសក្តានុពល និងភាពអនុគ្រោះគ្រប់បែបយ៉ាងដល់ការវិនិយោគ៕

ដោយ ៖ គង់ សិរីរ័ត្ន, រូបថត ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

You do not have permission to write comment on this post.

Log in Register