លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម នៅពេលនេះ សម្រាប់ចាក់ឱ្យក្រុមមនុស្សអាទិភាព ដែលមាននៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិនប៉ុណ្ណោះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ — រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ៦០ម៉ឺនដូស (៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ) ដែលជាជំនួយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិននេះ គឺសម្រាប់ចាក់ឱ្យក្រុមមនុស្សអាទិភាព ដែលមាននៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានអញ្ជើញមកចាក់ដោយស្ម័គ្រចិត្ត។

លោកជំទាវវេជ្ជបណ្ឌិត ក៏សូមការខន្តីអភ័យទោស ដល់អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ប៉ុន្តែពុំមាននៅក្នុងក្រុមមនុស្សដែលស្ថិតនៅក្នុងសេចក្តីប្រកាសក្រសួងសុខាភិបាល ដោយមូលហេតុ វ៉ាក់សាំងមានចំនួនកំណត់ ដើម្បីទុកចាក់បន្តដល់អ្នកដែលបានចាក់លើកទី១រួចហើយ ដើម្បីឱ្យពួកគាត់មានវ៉ាក់សាំងសម្រាប់ចាក់លើកទី២ទៀត។ ហេតុដូច្នេះហើយ លោកជំទាវអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនមាននៅក្នុងក្រុមមនុស្សដែលមាននៅក្នុងការប្រកាសទេនោះ សូមកុំទាន់អាលអញ្ជើញទៅចាក់វ៉ាក់សាំង ហើយរងចាំមើលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

លោកជំទាវបានគូសបញ្ជាក់បន្ថែមថា៖ “យើងនឹងធ្វើការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ នៅពេលដែលយើងមានវ៉ាក់សាំងដែលនឹងមកដល់ជាបន្តបន្ទាប់ទៀត”។

គួររម្លឹកថា ក្រុមមនុស្សដែលស្ថិតក្នុងកម្រិតអាទិភាពសម្រាប់ចាក់វ៉ាក់សាំងនេះ រួមមាន ឥស្សរជន ក្រុមគ្រូពេទ្យ បុគ្គលិក-មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន។ល។ គិតចាប់ពីថ្ងៃចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង សរុប ៩ ៤០១នាក់ (ស្រី ៣ ៥២៦នាក់) ដែលក្នុងនោះអ្នកដែលបានចាក់វ៉ាក់សាំងរួចសរុប ៧ ៧៧០នាក់ (ស្រី ២ ៥៨៣នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មាន ១ ៧២១ (ស្រី ៩៤៣នាក់)៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register