ឯកឧត្ដម ប៉ែន កុសល្យ អញ្ជើញចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែ តភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត

Please log in or register to like posts.
ព័ត៌មាន

AKP ឧត្តរមានជ័យ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ — ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃព្រហស្បតិ៍​ ១៤កើត​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២១​ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ស្ថិតនៅចំណុចក្បាលទន្សោង ក្នុងស្រុកអន្លង់វែង ជាប់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងថា ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ ជាអំណោយដ៏ថ្លែថ្លារបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ឯកឧត្ដមបន្តថា ចំពោះផ្ទះតាម៉ុកដែលមានទីតាំងនៅលើភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះយើងកំពុងរៀបចំកែសម្រួលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បី​ឱ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងចង់មកលេងកម្សាន្តឱ្យមានភាពកាន់តែងាយស្រួល។

ឯកឧត្ដមអភិបាល ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ពិសេសគឺត្រួតពិនិត្យមើលការឆ្លងដែន មិន​ឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ហើយចំពោះមេខ្យល់ដែលនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពេលដែលចាប់បានត្រូវផ្តន្ទាទោសទៅតាមច្បាប់ មិនអត់ឱនឱ្យជាដាច់ខាត៕

ដោយ ទិត ស្រ៊

You do not have permission to write comment on this post.

Log in Register