នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះវិហារ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ –លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំងកូវីដ១៩  និងបានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ដ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងភូមិពាក់ស្បែក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានមានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលបាននៅពេលនេះ មានសារៈសំខាន់ខ្លាំងណាស់អាចជួយយើងឱ្យចៀសផុតពីជំងឺកូវីដ១៩បាន។ ជាមួយនឹងការចាក់វ៉ាក់សាំងរួច យើងទាំងអស់គ្នាក៏មិនត្រូវភ្លេចថែរក្សាអនាម័យនោះទេ ពិសេសត្រូវគោរពតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាលផងដែរ ។

ក្នុងនាមអង្គភាពកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងនូវការអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាក្រសួងសុខាភិបាលដែល បានខិតខំបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធនៅពេលនេះ។

លោកសំណូមពរដល់អ្នកស្ម័គ្រចិត្ត ទទួលយកនូវការចាក់វ៉ាក់សាំងនាពេលនេះទាំងអស់គ្នា ត្រូវស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីរក្សាគុណភាពថ្នាំវ៉ាក់សាំងកូវីដ១៩នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ទិត ស្រ៊

You do not have permission to write comment on this post.

Log in Register