សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងពីប្រទេសឥណ្ឌា និងប្រទេសចិនបន្ថែមទៀត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពី​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទទួលបាននោះ កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀត ដែលក្នុងនោះ មានពីប្រទេសឥណ្ឌាចំនួន ១លានដូស និងប្រទេសចិនចំនួន ១លានដូស ហើយក្រៅពីនោះ សម្ដេចតេជោក៏បានណែនាំ ឱ្យក្រុមការងារពិនិត្យមើលលទ្ធភាព​ក្នុងទិញវ៉ាក់​សាំងពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបន្ថែមទៀតផងដែរ ដើម្បីយកមកចាក់ជូន​ប្រជា​ពលរដ្ឋ។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការចាក់វ៉ាក់សាំង ជាមួយសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ​នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោនាយក​រដ្ឋមន្ត្រីបានប្រកាសបើកជាផ្ឡូវការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ សម្ដេច​តេជោ​លើកឡើងថា ហេតុអ្វីបានជាយកថ្ងៃនេះធ្វើជាថ្ងៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពេលដែលចំនួនមនុស្សរហូតដល់ជាង ១២៥ ០០០ នាក់បានចាក់រួចមកហើយ តាម​រយៈវ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច​តេជោថ្លែងថា  បញ្ហាស្ថិតនៅត្រង់ថា ពេលដែលយើងបានចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ពេលនោះមិនមានការគ្របដណ្ដប់ទៅលើមនុស្សទូទៅនោះទេ វ៉ាក់សាំង​នោះបានគ្របដណ្ដប់ត្រឹមតែអ្នកមានអាយុត្រឹម៥៩ឆ្នាំចុះក្រោមតែប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃនេះ​ជា​មួយនឹងវត្តមាន វ៉ាក់សាំង AstraZeneca ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាម​រយៈ​មជ្ឈមណ្ឌលកូវ៉ាក់ គឺយើងមានលទ្ធភាពគ្របដណ្ដប់ អ្នកដែលមានអាយុក្រោម ៥៩ឆ្នាំផង និងមានលទ្ធភាពគ្របដណ្ដប់ទៅលើអ្នកដែលមានអាយុលើសពី៦០ឆ្នាំផងដែរ។

សម្ដេចតេជោបានគូសបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំង​ចំនួន​ពីរប្រភេទ គឺស៊ីណូហ្វាម ទីមួយ មកពីប្រទេសចិនមានចំនួន ៦០ម៉ឺនដូស ហើយតាមព័ត៌មាន​ដែលកម្ពុជាបានទទួលគឺនៅមុនចូលឆ្នាំខ្មែរនេះ វ៉ាក់សាំងស៊ីណូហ្វាម នឹងមកចំនួន៤០ម៉ឺនដូស​ទៀត គម្រប់ចំនួន១លានដូស នឹងអាចមានលទ្ធភាពលើសពីនេះ។ ឯទីពីរ យើងបាន​ទទួលវ៉ាក់​សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ជាអង្គការមួយនៃអង្គការសុខភាពពិភពលោក ដែលមាន​ចំនួន ៣២៤ ០០០ ដូស ដែលចាត់ទុកថាជាដំណាក់កាលទី១ នៅក្នុងចំណោម ១លានដូស។ សម្ដេចតេជោសង្ឃឹមថា នៅពេលខាងមុខ កម្ពុជានឹងអាចនឹងទទួល វ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាពលរដ្ឋ ពីមជ្ឈមណ្ឌលកូវ៉ាក់ ប៉ុន្តែការទទួលនេះនឹងធ្វើឡើងតាមដំណាក់កាល ដែលឆមាសទី១ កម្ពុជានឹងបានជាង១លានដូស និងជំហានបន្តបន្ទាប់ទៀត។ ជាថ្មីម្ដងទៀត​សម្តេច​តេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា​មានិតចិន អង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងដៃគូអន្តរជាតិនានា ដែលបាន​ជួយសម្រួបសម្រួលក្នុងការផ្តល់ជំនួយវ៉ាក់សាំង ដល់ប្រទេសកម្ពុជានាពេលនេះ។ សម្តេច​តេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca) ជូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី៦០ឆ្នាំ ឡើង ជាពិសេសជំហាន​ដំបូងអាទិភាពសំខាន់ គឺខេត្តក្រុងគោលដៅចំនួនបី គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រះសីហនុ ដែលជាខេត្តក្រុងប្រឈម នឹងហានិភ័យការរីករាលដាលជំងឺកូវីដ-១៩ ដែល​ទាមទារឱ្យមានការចាក់វ៉ាក់សាំងជាបន្ទាន់ ទៅដល់ប្រជាពលរដ្ឋដែលកំពុងប្រឈម​នឹងការឆ្លង​ជំងឺកូវីដ-១៩នេះ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register