កម្ពុជា គ្រោងបញ្ជូនអត្តពលិកវ៉ូវីណាម ទៅហ្វឹកហាត់នៅវៀតណាម

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ — សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី រួមជាមួយគ្រូបង្វឹក ដើម្បីទៅហ្វឹកហាត់នៅប្រទេសវៀតណាម បន្ទាប់ពីធូរស្បើយវិបត្តិជំងឺកូវីដ-១៩ ដើម្បីត្រៀម ស្វែងរកមេដាយ ស៊ីហ្គេម ឆ្នាំ២០២១។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រាប់ ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះថា ក្រោយពីមានការធូរស្បើយ វិបត្តិជំងឺ កូវីដ-១៩ ជាពិសេសគឺ ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០កុម្ភៈ សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន២៤នាក់ និងគ្រូបង្វឹក៥នាក់ សរុប២៩នាក់ ទៅហ្វឹកហាត់នាខែមេសា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលជាម្ចាស់ដើមនៃក្បាច់គុនមួយនេះ ដើម្បីពង្រឹង សមត្ថភាព ក្នុងការដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

អគ្គលេខាធិការរូបនេះបន្ថែមថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះគឺជាផែនការរបស់ សហព័ន្ធ ដើម្បីពង្រឹងសក្តានុពល និងជំរុញសមត្ថភាពកីឡាករ-កីឡាការិនីវ៉ូវីណាមរបស់ខ្លួន កាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការដណ្តើមមេដាយនៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ក៏ដូចជា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ព្រមទាំងបានត្រៀមការប្រកួតកីឡាវ៉ូវីណាមជើងឯក អាស៊ី អាគ្នេយ៍ នៅប្រទេសថៃ, ការប្រកួត កីឡាវ៉ូវីណាមជើងឯកអាស៊ីនៅប្រទេសឡាវ និងការប្រកួត កីឡាវ៉ូវីណាមជើងឯកពិភពលោក នៅប្រទេសរុស្ស៊ីនាពេលខាងមុខជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា កីឡាវ៉ូវីណាមកម្ពុជា គឺជាប្រភេទកីឡាមួយមានសក្តានុពលដែលធ្លាប់ ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិជាច្រើនជាបន្តបន្ទាប់ ពីលើឆាកអន្តរជាតិជា ពិសេសគឺការប្រកួតជើងឯកពិភពលោកពីរលើកចុងក្រោយ (រៀងរាល់២ឆ្នាំម្តង) ដែលជើង ឯកពិភពលោក នៅប្រទេសឥណ្ឌាលើកទី៥ កាលពីឆ្នាំ២០១៧ គឺវ៉ូវីណាមកម្ពុជាឈ្នះ មេដាយ មាស៤វិញ្ញាសា មេដាយប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿងទៀត និងការទទួលធ្វើម្ចាស់ផ្ទះ ជើង ឯកពិភពលោក កីឡាវ៉ូវីណាម កាលពីចុងឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ក៏ទទួលបានចំណាត់ ថ្នាក់ល្អដូចគ្នាផងដែរ ប៉ុន្តែនៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ម្ចាស់ផ្ទះមិនបានដាក់បញ្ចូលប្រភេទកីឡាវ៉ូវីណាម នេះឡើយ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register