សម្តេចពិជ័យសេនា ទៀ បាញ់ ​អញ្ជើញជួបសំណេះសំណាល ជាមួយ​កងកម្លាំងប្រដាប់អាវុធ ​និងពិនិត្យមើល​តំបន់ប្រវត្តិសាស្ត្រយោធាតេជោ សារតាំង ម៉ាឡៃ ​ ខេត្តបន្ទាយមានជ័យ​

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ​ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដល់កង​កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​ពិនិត្យមើលនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ សារតាំងម៉ាឡៃស្ថិតនៅភូមិដូងឃុំម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹង​ចូលមកដល់នាពេលខាងមុខនេះ។

​ថ្លែងនៅក្នុងឱកាសនោះសម្តេចពិជ័យសេនាទៀបាញ់ បានកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះស្នាដៃ សមិទ្ធផលជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទា ហាន សម្រេចបាននាពេលកន្លងមកនៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដីការពារ សុខសន្តិភាពស្ថិរភាព និងការខិតខំកសាងអង្គភាពឱ្យមានការរីកចម្រើនមកដល់ បច្ចុប្បន្ននេះ។

ទន្ទឹមនឹង​នោះសម្តេចពិជ័យសេនា បានជំរុញដល់ថ្នាក់ដឹកនាំ នាយទាហាន ពល ទាហានត្រូវខិតខំពង្រឹងបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចស្នូលការចូលរួមការពារកន្លែងធ្វើចត្តាឡីស័ក និងការត្រៀមកម្លាំងអន្តរាគមន៍ពេលមានបទបញ្ជា ក្នុងនោះកម្លាំងនៅតំបន់ព្រំដែន ត្រូវការពារមិនឱ្យមានការឆ្លងដែនចេញចូលខុសច្បាប់ រវាងប្រទេសដែលជាប់ព្រំដែនជាមួយ​កម្ពុជា ខណៈសភាពការណ៍បច្ចុប្បន្នកំពុងរឹតបន្តឹងលើបញ្ហាជំងឺកូវីដ១៩ និងត្រូវបន្តសហការ​ឱ្យបានល្អជាមួយប្រទេសជិតខាង ដោយអនុវត្តន៍បានត្រឹមត្រូវតាមគោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនោះ។

ជាមួយនោះដែរ សម្តេចពិជ័យសេនា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំង​​អស់ត្រូវរស់នៅមានអនាម័យល្អគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ (៣.កុំ និង៣.ការពារ) របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងត្រូវចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវជឿតាមការឃោសនាអកុសលរបស់ជនអគតិមួយចំនួន អំពីបញ្ហាការចាក់វ៉ាក់សាំងនោះឡើយ។

ក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក៏ដូចជាការត្រៀម ទទួលអំណរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននាំយកអំណោយថវិកាឧបត្ថម្ភដល់កង​កម្លាំងប្រដាប់អាវុធនៅក្នុងតំបន់នោះផងដែរ៕

ដោយ ​ឈុន សារ៉ាត

You do not have permission to write comment on this post.

Log in Register