វិស័យទេសចរណ៍ក្នុងខេត្តកោះកុង នៅតែផ្គត់ផ្គង់សេដ្ឋកិច្ចល្អប្រសើរដដែល បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ

Please log in or register to like posts.
ព័ត៌មាន

AKP កោះកុង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ — សក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តកោះកុង នៅតែបន្តរីកដុះដាល បើទោះបី ជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក្តី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដូចជាកន្លែងស្នាក់នៅ និងកន្លែងកម្សាន្ត ដ៏សម្បូរបែបបានបង្ហាញខ្លួនជាបន្តបន្ទាប់ ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ឱ្យ ដឹងនៅថ្ងៃទី០៥ ខែមីនានេះថា ខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ថា ជាខេត្តអេកូទេសចរណ៍មួយនៃព្រះរាជាណាចក្រកម្ពុជា ដោយសារសម្បូរធនធានធម្មជាតិ ដ៏ស្រស់ត្រកាល អាចបង្កើតបានជារមណីយដ្ឋានយ៉ាងច្រើន ដែល កំពុងក្លាយជាទីចាប់ អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ហើយមានបែងចែកតំបន់ទេសចរណ៍ ជា២ប្រភេទធំៗ គឺតំបន់ភ្នំនិងតំបន់ឆ្នេរ មានសរុបប្រមាណជាង២០ កន្លែង។

លោកបន្តថា ក្នុងវិបត្តិជំងឺកូវីដ-១៩ដែលបានអូសបន្លាយជាង១ឆ្នាំមកនេះ ខេត្តកោះកុងមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរជាតិ វិញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជំរុញឱ្យវិនិយោគិនមកបណ្តាក់ទុនយ៉ាងច្រើន ដែល បច្ចុប្បន្ននេះមានទីតាំងសេវាកម្មអាជីវកម្មក្នុងខេត្តជាង ៣០០ទីតាំង ក្នុងនោះសណ្ឋាគារ មានចំនួន១២ទីតាំង និងផ្ទះសំណាក់មានជាង១០០ទីតាំងឯណោះ។ ចំពោះវិស័យទេស ចរណ៍ក្នុងស្រុកនេះ យើងឃើញថា មានការជួយជំរុញសេដ្ឋកិច្ច ក្នុងខេត្តកោះកុងយើងផងដែរ ដូចដែលខ្ញុំបានបញ្ជាក់ពីខាងដើមហើយ គឺភ្ញៀវអន្តរជាតិមានការថយចុះ តែភ្ញៀវជាតិមាន ការកើនឡើង។

លោកបន្តទៀតថា លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ក៏ធ្លាប់បានបញ្ជាក់ដែរថា លោកជំទាវដូចជាឆ្ងល់ណាស់ដែរថាកំពុងជួបវិបត្តិកូវីដ-១៩ ប៉ុន្តែខេត្តកោះកុងបែរជាមានការ កើនឡើងសេវាស្នាក់នៅទៅវិញ នេះជារឿងគួរឱ្យកត់សម្គាល់ ហើយខ្ញុំក៏សូមជម្រាប ជូនផង ដែរថា ដោយសារមានភាពជឿជាក់របស់ប្រជាពលរដ្ឋក្នុងប្រទេស គាត់បានមក កម្សាន្តនៅ ដែនដីអេកូនេះ ដែលមានសុវត្ថិភាពផ្នែកផ្លូវដង្ហើម ហើយទឹកដីនេះជួយដល់ផ្លូវដង្ហើមរបស់ យើងដោយសារមានខ្យល់បរិសុទ្ធ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក៏បានអំពាវនាវ ដល់អ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ សូមរក្សាតម្លៃឱ្យបានសមរម្យជូនភ្ញៀវទេសចរជា ពិសេសការរក្សាអនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាំងអាជីវករ ទាំងភ្ញៀវទេសចរ រួមគ្នារក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បីឱ្យខេត្តកោះកុងរក្សាបាននូវភាពស្រស់ស្អាត និងពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register