សម្ដេចប្រធានរដ្ឋសភា៖ ខ្ញុំតែងតែគំាទ្រដល់ការបង្កើតច្បាប់ និងយន្តការនា​នាដើម្បីលើក​កម្ពស់​តួនាទីស្រ្តីនៅលើគ្រប់វិស័យ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១–

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងនាមថ្នាក់ដឹក​នាំ​ស្ថាប័ននីតិប្បញត្តិ សម្ដេចតែងតែគំាទ្រដល់ការបង្កើតច្បាប់និងយន្តការនា​នាដើម្បីលើកកម្ពស់​តួនាទីស្រ្តីនៅលើគ្រប់វិស័យជាអាទិ៍ វិស័យនយោបាយ អប់រំ សង្គម សេដ្ឋកិច្ច និងវិស័យ​ផ្សេងៗទៀត។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។

            សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងថា ថ្ងៃនេះជាខួបលើកទី១១០ នៃទិវា​អន្តរ​ជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ដែលប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីតម្លៃនិងតួនាទីស្រ្តី ដែលមិនអាចខ្វះបាននៅក្នុង​សង្គមជាតិ នៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងបរិការណ៍មានវិបត្តិ ឬហានិភ័យអ្វីមួយ។ ជាក់ស្តែងនៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងរាតត្បាតនេះ​យើង​កាន់តែមិនអាចខ្វះបាននូវវត្តមានអ្នកគ្រូពេទ្យដែលជាទ័ពជួរមុខក្នុងសមរភូមិដែលយើងមិនស្គាល់ពីសត្រូវច្បាស់នៅឡើយនោះ។ សម្ដេចប្រធានបានចាត់ទុកវីរភាពរបស់អ្នកគ្រូពេទ្យ​នៅក្នុងពេលនេះ មិនត្រឹមជាអ្នកគ្រូពេទ្យមើលថែអ្នកជំងឺនោះទេ តែពួកគាត់ប្រៀបដូចជាមាតា ជាភរិយា បងនិងជាប្អូនស្រី ដែលមើលថែ ផ្តល់ភាពកក់ក្តៅ កម្លាំងចិត្តដល់ប្រជាពពលរដ្ឋ​ដែល​ងាយនឹងរងគ្រោះទំាងអស់។

សម្ដេចប្រធានរដ្ឋសភាបានថ្លែងបញ្ជាក់ថា “ជារៀងរាល់ឆ្នាំនៅក្នុងឱកាស​ដ៏មានតម្លៃ​នេះ ខ្ញុំតែងតែទទួលជួបប្រតិភូស្រ្តីមកពីវិស័យផ្សេងៗទំាងនៅក្នុងជួររាជរដ្ឋាភិបាល អង្គការ​សង្គ​ម​ស៊ីវិល និងធុរកិច្ច ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព សំណូមពរ និងបានផ្តល់​អនុសាសន៍សំដៅលើកកម្ពស់តម្លៃស្រ្តីឱ្យស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា និង​គោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព”។  ទន្ទឹមនេះ សម្ដេចពញាចក្រីក៏សូមវាយតម្លៃខ្ពស់​និងកោតសរសើរយ៉ាងក្រៃលែងដល់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីស្ត្រី ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គការជាតិ ​និង​អន្តរជាតិទាំងអស់ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ​តួនាទី សុខុមាលភាពស្ត្រី និងកុមារ។ សម្ដេចប្រធានមានជំនឿជាក់ជាក់យ៉ាងមុតមាំថា ទោះបីជា​យើងកំពង់ប្រឈមនឹងវិបត្តិកូវីដ-១៩ នេះក៏ដោយ ក៏យើងទាំងអស់គ្នាបន្តខិត​ខំ​ប្រឹងប្រែង និងពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀតសំដៅលើកកម្ពស់ស្រ្តីរបស់យើងឱ្យកាន់តែមានភាពប្រសើរថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចប្រធានរដ្ឋសភាក៏សូមរាជានុញ្ញាតលំឱនកាយសម្តែង​នូវ​អំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះ​ករុណា​ជាអម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេតែង​​តែ​យកព្រះទ័យទុកដាក់អំពីសុខទុក្ខ និងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សមភាព​យេនឌ័ររបស់ស្ត្រី និងក្មេងស្រីនៅព្រះរាជាណាចក្រកម្ពុជាយើង៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register