គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា៖ កីឡាករបរទេសជាជនជាតិជប៉ុន​មានច្រើនជាង​គេក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១–

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​បាន​បង្ហាញ​ថា កីឡាករបរទេសជាជនជាតិជប៉ុនមានចំនួនច្រើនជាងគេដែលបានចុះឈ្មោះចូល​រួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មី ២០២១នេះ។

នៅក្នុងចំណោមក្លឹបទាំង១៣ គឺមានតែក្រុមអគ្គិសនីកម្ពុជាតែមួយប៉ុណ្ណោះ ដែលប្រើ​ប្រាស់តែកីឡាករជាយុវជនខ្មែរសុទ្ធសាធ ហើយក្លឹបចំនួន១២នេះបានចុះឈ្មោះកីឡាករ​បរទេសមកចំនួន៥៦នាក់ ដែលពួកគេមាន១៩សញ្ជាតិផ្សេងៗគ្នា ក្នុងនោះកីឡាករ​សញ្ជាតិ​ជប៉ុន មានច្រើនជាងបង្អស់ ពោលគឺរហូតដល់១៩នាក់។ ក្រៅពីកីឡាករជប៉ុន ដែលឈរ​លេខ១​ គឺមានកីឡាករសញ្ជាតិប្រេស៊ីល ១០នាក់ កាមេរ៉ូន០៦នាក់ នីហ្សេរីយ៉ា ០៣នាក់ អាហ្វ្រិកខាងត្បូង ០៣នាក់ និងអេស្ប៉ាញ ០២នាក់។ ក្រៅពីនោះ ក៏មានម្នាក់ក្នុងមួយសញ្ជាតិ​រួមមាន សេនេហ្គាល់ អូស្ត្រាលី បេឡារុស អាហ្គានីស្ថាន អ៊ូបេគីស្ថាន អង់គ្លេស កាណាដា ស៊ែប កូឌីវ័រ អ៊ុយក្រែន កូឡុំប៊ី រ៉ូម៉ានី និងទ្រីនីដាត និងតូបាហ្គោ។ ក្នុងចំណោមកីឡាករ​ទាំង៥៦នាក់ ពួកគេមានអាយុជាមធ្យម ២៩ឆ្នាំ ហើយកីឡាករក្មេងជាងគេក្នុងរដូវកាលនេះគឺ សមាជិកអង្គរថាយហ្គឺរជនជាតិអូស្ត្រាលី Ata Jesse Inia មានអាយុ ២១ឆ្នាំ ខណៈកីឡាករចាស់​ជាងគេគឺ Seon Fabian Errol Power កីឡាករសញ្ជាតិទ្រីនីដាត និងតូបាហ្គោ​ដំបូងគេ​ក្នុងលីគ​កំពូលកម្ពុជារបស់ក្លឹបបាល់ទាត់ព្រៃវែង ដែលមានអាយុ ៣៧ឆ្នាំ។

យោងតាមកូតាលីគកំពូលកម្ពុជាអនុញ្ញាតឱ្យមានកីឡាករបរទេស០៥រូប នៅក្នុងក្លឹប​នីមួយៗក្នុងនោះត្រូវមានកីឡាករបរទេសម្នាក់ជាកីឡាករមកពីទ្វីបអាស៊ីជាដាច់ខាត ចំពោះ​នៅលើទីលានវិញគឺមានកីឡាករបរទេសតែ៤រូបប៉ុណ្ណោះ ដែលអាចចូលរួមប្រកួត និងម្នាក់​ទៀតអង្គុយនៅកៅអីបម្រុង។

សូមបញ្ចាក់ថា តាមគោលការណ៍កំណត់នៃចុះឈ្មោះ គឺកីឡាករបរទេសមកពីក្លឹប​នីមួយៗ​អាចដាក់ឈ្មោះកីឡាករបាន០៥រូប តែក្នុងនោះត្រូវមានម្នាក់ជាកីឡាករមានសញ្ជាតិ នៃប្រទេសក្នុងទ្វីបអាស៊ី (កូតា ៤+១)។ សម្រាប់ការបង្ហាញខ្លួនលើទីលានប្រកួតវិញ តម្រូវឱ្យ​កីឡាករបរទេសតែ០៤រូបប៉ុណ្ណោះនៅលើទីលាន តែអាចដាក់ឈ្មោះកីឡាករនៅសល់មួយ​រូបទៀត នៅបញ្ជីបម្រុង៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register