កាប្រកួតកីឡាបាល់ទាត់ បន្ត៤ប្រកួតនារសៀលនេះសម្រាប់សប្តាហ៍ទី៤ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ –កាប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ សម្រាប់វគ្គសន្សំពិន្ទុវិលជុំក្នុងពូលថ្នាក់ខេត្ត នឹងបន្តការប្រកួត៤ប្រកួតនៅ រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។

ប្រកួតនេះរួមមាន៖  ក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺប៉ះជាមួយក្រុមភ្នំពេញ​ហ្គាឡាក់ស៊ី, ខេត្តបន្ទាយមានជ័យប៉ះជាមួយ ស.ស.យ.ក ខេត្តបាត់ដំបង, ខេត្តឧត្តរមានជ័យ ប៉ះជាមួយកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ខណៈអធិរាជដំរីឦសានខេត្តរតនគិរី នឹងប្រជែងពិន្ទុ​ជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ។ ដោយឡែកថ្ងៃស្អែកទី១០ ខែមីនា ឆ្នាំ២០២១ ក៏មាន៣ប្រកួតផ្សេងទៀតដែរ សម្រាប់ការប្រកួត សន្សំពិន្ទុ សប្តាហ៍ទី៤។

តាមការគ្រោងទុក នៅសល់ពេល២សប្តាហ៍ទៀត នឹងត្រូវបញ្ចប់វគ្គសន្សំពិន្ទុវិលជុំ​ក្នុង​ពូល ហើយ២ក្រុមលើ កំពូលតារាងនៃពូលទាំង៦​នឹងបានឡើងទៅប្រកួតដោយស្វ័យ​ប្រវត្តិនៅ​វគ្គ១៦ក្រុមចុងក្រោយថ្នាក់ខេត្ត ខណៈ៤ក្រុម ដែលមានចំណាត់ថ្នាក់លេខ៣ ល្អផ្តាច់គេ ក្នុង​ចំណោមពូលទាំង៦ នឹងឡើងទៅបង្គ្រប់១៦ក្រុម។ គ្រប់ការប្រកួតនៅវគ្គបន្តបន្ទាប់រហូត​ដល់​៨ក្រុមចុងក្រោយ នឹងត្រូវប្រកួតចំនួន២ជើងដូចគ្នាដែរ ដើម្បីស្វែងរក ក្រុមម្ចាស់ជើងឯក​ប្រចាំ​ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនេះផង។ ចំពោះក្រុមជ័យលាភីពីចំណាត់ ថ្នាក់​លេខ១ ដល់លេខ៣ ថ្នាក់ខេត្តនេះ នឹងឡើងទៅប្រកួតថ្នាក់ជាតិជាមួយក្រុមទាំង១៣ ក្នុងក្រប​ខ័ណ្ឌលីគ កំពូលកម្ពុជា រដូវកាល ២០២១ ដែលហៅថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដែលមាន១៦ក្រុម៕

ដោយ៖ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register