សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់រាជធានី ខេត្ត រៀបចំការសាងសង់បច្ឆាសម្រាប់បូជាសព ក្នុងករណីដែលមានការស្លាប់ដោយជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ​គ្រប់​រាជធានី ខេត្ត រៀបចំការសាងសង់បច្ឆាឱ្យបានសមរម្យ និងឆ្ងាយពីកន្លែងរស់​នៅរបស់​ប្រជាពលរដ្ឋ សម្រាប់បូជាសព ក្នុងករណីដែលមានការស្លាប់ដោយសារជំងឺកូវីដ-១៩។

ក្នុងសារជាសំឡេង នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខា និង​ឯកឧត្ដម លោកជំទាវ ជាអភិបាលរាជធានី ខេត្ត សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា កន្លង​មកនេះដោយសារមិនទាន់មាន សភាពការណ៍ដល់កម្រិតធ្ងន់ យើងពុំទាន់រៀបចំនូវ​វិធានការ​មួយ ដែលជាវិធានការចាំបាច់ចុងក្រោយ នោះគឺ ករណីមរណភាព ឬហៅថាការស្លាប់​របស់​អ្នកដែលមានជំងឺកូវីដ-១៩ ហើយបញ្ហាចោទឡើងថា តើយើងត្រូវបូជា ឬត្រូវបញ្ចុះ(កប់)។ សម្ដេចតេជោបន្តថា  “អំបាញ់មិញនេះ ខ្ញុំបានពិភាក្សា ជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រីក្រសួងសុខាភិបាល គឺបានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដ-១៩ ត្រូវតែ​ធ្វើការបូជា។ ចំណុចនេះគេអាចយល់បានបើទោះបីថា ទំនៀមទម្លាប់ជនជាតិខ្លះមិន​អាច​​ធ្វើ​ការ​បូជាក៏ដោយ ប៉ុន្តែករណី ពិសេសសម្រាប់ជំងឺកូវីដ-១៩នេះ យើងត្រូវតែធ្វើការបូជា ជាការ​ចាំបាច់ ព្រោះយើងមិនមានដី ដើម្បីដាក់ន្លែង នេះសពមួយ ឬកន្លែងនោះសពមួយ​នោះទេ”។ សម្ដេចតេជោលើកឡើងថា  ប្រទេសជាច្រើនបានប្រើប្រាស់ដីធ្លី កប់សពរហូតទៅ ដល់ពីរ ឬបី​ជាន់នៃមនុស្ស ហើយដែលគ្មានក្រុមគ្រួសារនោះទៅចូលរួមបានទេ។ សម្រាប់​យើងៗប្រើ​ប្រាស់​វិធានការបូជា ដែលជាវិធានការងាយស្រួលក្នុងការគ្រប់គ្រង។ សម្ដេចតេជោ​លើក​ឧទាហរណ៍ថា  ប្រទេសសិង្ហបុរី ទោះបីថាទំនៀមទម្លាប់របស់ចិន​នៅសិង្ហបុរីគឺសព​ត្រូវ​បញ្ចុះ ប៉ុន្តែដោយសារ ប្រទេសសិង្ហបុរីមានដីតូច គឺមិនអនុញ្ញាតឱ្យមានការបញ្ចុះសពនោះទេ។ សូម្បី​តែអតីតសពនាយករដ្ឋមន្ត្រី លី ក្វាន់យូ របស់សិង្ហបុរី ដែលជាបិតាបង្កើតប្រទេសសិង្ហបុរី ក៏នៅ​តែត្រូវបានបូជាផងដែរ ព្រោះពុំមានដីសម្រាប់ បញ្ចុះនោះទេ។ សម្ដេចតេជោថ្លែងទៀតថា “យើង​មិនមែនខ្វះដីសម្រាប់បញ្ចុះសពនោះទេ ក៏ប៉ុន្តែដើម្បីធានា នូវវិធានការមួយ សម្រាប់ការ​គ្រប់គ្រងដីធ្លី ក៏ដូចជាកុំឱ្យកើតមានពាសពេញជាមួយនិងការដាក់សព នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច យើងត្រូវប្រើប្រាស់វិធីបូជាជាចាំបាច់”។ សម្ដេចតេជោបានលើកឡើងថា ប៉ុន្មានថ្ងៃមុននេះ យើងបានប្រើការបូជាចំពោះជនជាតិចិន ដែលបានទទួលមរណភាពនៅក្នុង​ព្រឹត្តិការណ៍មួយ ក៏បានធ្វើការបូជាដែរ ដោយសាលារាជធានីភ្នំពេញ ហើយឥឡូវនេះ​​សាលា​រាជធានីកំពុងតែសាងសង់នូវបច្ឆា សម្រាប់ការបូជានេះដែរ។ សម្ដេចតេជោ ក៍៏ស្នើឱ្យចាត់វិធាន​ការ​នៅ​តាមខេត្តនានា ដើម្បីរៀបចំក្នុងករណីដែល មានការស្លាប់នូវអ្នកដែលកើតជំងឺកូវីដ-១៩ ត្រូវប្រើប្រាស់បច្ឆាដែលមានស្រាប់ ដើម្បីធ្វើការបូជា ហើយក្នុង ពេលជាមួយគ្នានេះក៏ត្រូវរៀបចំ​បច្ឆាមួយឱ្យបានសមរម្យ ដើម្បីធ្វើការបូជា ហើយបច្ឆានោះនៅថ្ងៃក្រោយ ក៏ត្រូវរៀបចំសម្រាប់​ការបូជាសពប្រជាជនធម្មតាឡើងវិញក៏បាន។

សម្ដេចតេជោបានបន្ថែមថា “ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសូមស្នើឱ្យគ្រប់រាជធានី ខេត្ត ធ្វើការឱ្យបានហ្មត់ចត់ ហើយអាចឱ្យទីកន្លែងនោះទៅឆ្ងាយពីកន្លែង​រស់នៅរបស់ប្រជា​ពលរដ្ឋបន្តិច នៅក្នុងការសាងសង់បច្ឆានេះ សម្រាប់ការបូជាក្នុងករណីដែលមានការ​ស្លាប់​ដោយជំងឺកូវីដ-១៩។

ដូច្នេះសូមចាត់ចែងអនុវត្តទៅតាមវិធានការនេះនោះគ្រប់ទីកន្លែង។” សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា កន្លងទៅ យើងមិនទាន់បានគិតអំពីបញ្ហានេះនៅឡើយទេ ដោយសារតែយើងឃើញថាស្ថានភាពវាមិនទាន់ធ្ងន់ធ្ងរដល់ កម្រិតមួយ ដែលត្រូវដល់វិធាន​ការដែលត្រូវដោះស្រាយនូវបញ្ហានេះ។ ប៉ុន្ទែឥឡូវនេះយើងជឿថាមាន ប្រសើរ ជាងថាអត់មាន ដើម្បីកុំឱ្យយើងបាត់ម្ចាស់ការ។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា មួយផ្នែកទៀតដោយសារ​ច្បាប់សម្រាប់ការគ្រប់គ្រងជំងឺរីករាលដាលកូវីដ-១៩ និងជំងឺដទៃទៀត ក៏មានចែងអំពី​អនុក្រឹត្យលម្អិត សូមស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ដែលទទួលបន្ទុកតាក់ តែងអនុក្រិត្យពាក់ព័ន្ធជាមួយនឹងការចាត់វិធាន​ការតាមផ្លូ​វអនុក្រឹត្យ ដែលច្បាប់ប្រគល់ឱ្យទៅលើភាពលម្អិត នៃវិធានការសុខាភិបាល ក៏សូមចែងទាក់​ទងរៀបចំអនុក្រឹតមួយ ស្ដីអំពី ការបូជាសពនៃអ្នកដែលមានជំងឺ កូវីដ-១៩ផងដែរ ដោយ​បញ្ជាក់អំពីការកំណត់ចំនួនមនុស្សនៃការចូលរួម។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងផងដែរថា ប្រទេសនានាគឺយើងឃើញ​ហើយ​តាមរយៈការបញ្ចាំង តាមទូរទស្សន៍ ពេលស្លាប់ក្រុមគ្រួសារមិនបានឃើញមុខទេ គឺគេយកទៅ​បញ្ចុះតែម្ដង យើងក៏ត្រូវតែកំណត់ នូងវិធានការ ប៉ុន្មានម៉ោងក្រោយការស្លាប់ត្រូវយកទៅបូជា។ ព្រោះនេះជាវិធានការសុខាភិបាល ដើម្បីចៀស វាងការឆ្លងរាលដាលដទៃទៀត។ ដូច្នេះ​សូមធ្វើការឱ្យបានហ្មត់ចត់ទៅលើបញ្ហានេះ៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register