សម្ដេចតេជោនាយករដ្ឋមន្ត្រី អនុញាតឱ្យបងប្អូនមូស្លីម-កម្ពុជា អាចធ្វើការបញ្ចុះសព អ្នកដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យបងប្អូនសាសនិកមូស្លីម-កម្ពុជា អាចធ្វើការបញ្ចុះសពអ្នកដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ទៅតាមប្រពៃណីទំនៀមទម្លាប់ ដែលជាករណីលើកលែង ទៅតាមសំណើរបស់សហគមន៍មូស្លីម-កម្ពុជា។

ក្នុងសារជាសម្លេងបន្ទាន់ នាល្ងាចថ្ងៃទី១០ ខែមីនាឆ្នាំ២០២១ បន្ថែមលើសារកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនចំពោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងអភិបាលខេត្ត-រាជធានី សម្ដេចតេជោមានប្រសាសន៍ថា ក្នុងសារដែលខ្ញុំផ្ដល់កាលពីម្សិលមិញ ពាក់ព័ន្ធនឹងការត្រូវបញ្ចុះសព ឬបូជាសពនោះ គឺមានសំណើលើកឡើងពីសហគមន៍ឥស្លាម ទាក់ទិនជាមួយនឹងការបញ្ចុះសព ដែលនោះចាត់ទុកថាជាកាតព្វកិច្ចដែលមិនអាចចៀសវាងបានសម្រាប់សហគមន៍មូស្លីម។ សម្ដេចតេជោបន្តថា ដូច្នេះខ្ញុំបានអនុញ្ញាតឱ្យមានការលើកលែងជាករណីពិសេស សម្រាប់បងប្អូនមូស្លីម-កម្ពុជា ដែលនឹងត្រូវទទួលបាននូវការយកចិត្តទុកដាក់ ដើម្បីអនុញ្ញាតឱ្យមានការបញ្ចុះសព ទៅតាមរបៀបចាត់ចែងមួយដែលមានធ្វើវិធានសុខាភិបាលទៅតាមនោះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដូច្នេះក្នុងការរៀបចំអនុក្រឹត្យ ក៏ត្រូវមានចែងអំពីបញ្ញត្តិដោយឡែក ដែលមានករណីលើកលែងចំពោះបងប្អូនមូស្លីមនៅកម្ពុជា នៅក្នុងករណីដែលមានការទទួលមរណភាពដោយសារជំងឺកូវីដ-១៩។ សម្ដេចតេជោថ្លែងសង្កត់ថា «នេះគឺជារឿងចាំបាច់ ដែលខ្ញុំគិតថាបងប្អូនមូស្លីមប្រហែលជាមិនមានករណីមរណភាពដោយសារកូវីដ-១៩ នោះទេ ប៉ុន្តែនេះជាការបង្ការរបស់យើង ក្នុងករណីដែលអាចកើតមាន គឺអនុញ្ញាតឱ្យពួកគាត់បានធ្វើពិធីដើម្បីបញ្ចុះសពទៅតាមប្រពៃណី ទំនៀមទម្លាប់នៃការគោរពរបស់បងប្អូនមូស្លីមនៅកម្ពុជា»។

សម្ដេចតេជោ បានស្នើឱ្យមានការយោគយល់អំពីបញ្ហានេះ ហើយសង្ឃឹមថាបងប្អូនជនរួមជាតិក៏យោគយល់អំពីបញ្ហានេះ ព្រោះភាគច្រើននៅប្រទេសរបស់យើងគឺជាប្រទេសដែលធ្វើការបូជាសព ប៉ុន្តែករណីមូស្លីមជាករណីមួយផ្សេង ដែលយើងត្រូវគោរពទៅតាមប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់។ សម្ដេចតេជោក៏បានលើកឡើងដែរថា ច្បាស់ជាមានសំណើនេះពីជនជាតិចិនលើបញ្ហានេះមិនខាន ប៉ុន្តែខ្ញុំគិតថាករណីជនជាតិចិន គឺដូចជាមិនទាន់មានការត្រូវបែងចែកនោះទេ ព្រោះបញ្ហានេះជាករណីកូវីដ-១៩ ប៉ុន្តែច្បាស់ជាមានបញ្ហាលើកឡើងហើយ ដែលយើងត្រូវខិតខំពន្យល់អំពីបញ្ហានេះ ដើម្បីចៀសវាងនូវការចោទឡើងទាក់ទងជាមួយនឹងសាសនានេះ ឬសាសនានោះ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ខ្ញុំយកការសម្រេចនេះ ព្រោះប្រជាជននៅក្នុងប្រទេសកម្ពុជាយើងជនជាតិមូស្លីម មានចំនួនប្រមាណជា ៥% តែប៉ុណ្ណោះ។ ដូច្នេះចំនួននេះខ្ញុំជឿថា ប្រហែលជាគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ ក្នុងពេលដែលពួកគាត់អនុវត្តនូវវិធានការសុខាភិបាលនោះ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យជនជាតិមូស្លីមនៅកម្ពុជា ត្រូវគិតគូរអំពីទីកន្លែងបញ្ចុះសព ក្នុងករណីដែលមានការកើតឡើងនៅករណីនេះ ក៏ត្រូវត្រៀមរៀបចំទីកន្លែង មិនអាចយកទៅបញ្ចុះពាសវាលពាសកាលបានទេ ។ ដូច្នេះសូមស្នើឱ្យគណៈជាន់ខ្ពស់ឥស្លាម ទាក់ទងជាមួយអាជ្ញាធរដើម្បីត្រៀមរៀបចំ ថាត្រូវធ្វើនៅកន្លែងណា។

គួរបញ្ជាក់ដែរថា ក្នុងសារជាសម្លេង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ផ្ញើជូន រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម លោកជំទាវ ជាអភិបាលរាជធានី-ខេត្ត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យគ្រប់រាជធានី-ខេត្ត រៀបចំការសាងសង់បច្ឆាឱ្យបានសមរម្យ និងឆ្ងាយពីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ សម្រាប់បូជាសព ក្នុងករណីដែលមានការស្លាប់ដោយសារជំងឺកូវីដ-១៩៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register