លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ពន្យល់អំពីមូលហេតុដែលសន្មត់ថា អ្នកជំងឺដែលទទួលមរណភាព នៅព្រឹកមិញនេះ គឺដោយសារតែកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ –លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជា​អ្នក​នាំពាក្យ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានពន្យល់ថា អ្នកជំងឺជនជាតិខ្មែរ ដែលបាន ទទួលមរណភាពនៅព្រឹកមិញនេះ ដោយសន្មត់ថាព្រោះតែជំងឺកូវីដ-១៩នោះ ព្រោះថាអ្នកជំងឺរូបនេះ មានបញ្ហាសួតធ្ងន់ធ្ងរ ទាំងសងខាងតែម្តង ដែលបណ្តាលមកពីការវាយលុកពីមេរោគកូវីដ-១៩នេះ។

លោកជំទាវវេជ្ជបណ្ឌិត ក៏បានបន្ថែមផងដែរថា នៅពេលមានបញ្ហាសួតធ្ងន់ធ្ងរទាំងសងខាងនេះ ធ្វើឱ្យបុរស​រូប​នេះ មានបញ្ហាកង្វះនូវអុកស៊ីហ្សែន ព្រោះថាជាធម្មតាការរស់នៅប្រចាំថ្ងៃត្រូវការការដកដង្ហើម ដោយសារ​នោះជា តម្រូវការនៃអុកស៊ីហ្សែនចូលទៅក្នុងសួតរបស់មនុស្សយើង។ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “ហេតុដូច្នេះហើយ ដោយសារតែមានការវ៉ៃលុកពីមេរោគកូវីដ-១៩ បានធ្វើឱ្យសួតរបស់គាត់ មានការរលាក​ធ្ងន់ធ្ងរទាំងសងខាង ដូច្នេះហើយលទ្ធភាពនៃការស្រូបយកអុកស៊ីហ្សែន គឺខ្វះទាំងស្រុង”។

លោកជំទាវ បានមានប្រសាសន៍បន្ថែមថា ប៉ុន្តែទោះជាស្ថានភាពយ៉ាងនេះក៏ដោយ ក៏ក្រុមគ្រូពេទ្យបានខិតខំជួយ សង្គ្រោះដោយបច្ចេកទេសព្យាបាលនានា អស់ពីលទ្ធភាព និងសមត្ថភាពហើយ ប៉ុន្តែសភាពជំងឺរបស់អ្នកជំងឺរូប​នេះ កាន់តែធ្ងន់ធ្ងរទៅៗ ហើយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សភាពរបស់អ្នកជំងឺរូបនេះកាន់តែធ្ងន់ធ្ងរថែម​ទៀត ទើបក្រុមគ្រូពេទ្យត្រូវតែប្រើម៉ាស៊ីនសម្រាប់ជួយ ដើម្បីឱ្យមានអុកស៊ីហ្សែនគ្រប់ចូលទៅក្នុងសួតរបស់​អ្នកជំងឺរូប នេះវិញ។ ហើយបើទោះបីជា ក្រុមគ្រូពេទ្យបានប្រើប្រាស់អស់នូវសមត្ថភាព និងបច្ចេកវិទ្យា​ដែល​គ្រូពេទ្យនានា នៅក្នុងពិភពលោកបានប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ក៏ពិតមែន ក៏ប៉ុន្តែជាការសោក ស្តាយមែនទែន ព្រោះការប្រឹងប្រែងជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យនៅតែមិនអាច​ជួយ​អ្នកជំងឺរូបនេះបាន ក៏ព្រោះតែការវាយលុយរបស់មេរោគកូវីដ-១៩នេះ ទៅក្នុងខ្លួនលឿន ដែលធ្វើឱ្យសរីរាង្គ​របស់អ្នកជំងឺទ្រាំទ្រលែង បាន ធ្វើឱ្យសួតទាំងសងខាងកាន់តែមានសភាពធ្ងន់ធ្ងរទៅ។ កត្តាទាំងនេះហើយ ទើបនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ អ្នកជំងឺរូបនេះ ក៏បានទទួលមរណភាព។

ក្នុងនាមក្រសួងសុខាភិបាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនឹងគ្រួសារសព។

គួររម្លឹកថា បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ រូបនេះ បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលជាករណីស្លាប់លើកទី១ សម្រាប់កម្ពុជា ដោយសារជំងឺកូវីដ-១៩៕

ដោយ៖ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register