ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០ម៉ឺនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ –ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដោយស្ថិត ក្នុងព្រះរាជហឫទ័យយកទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ កំពុងកើតមានឡើងនៅ ក្នុង ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាល នូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន ២០ម៉ឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធ ប្រឆាំង ទៅនឹងជំងឺកូវីដ-១៩ ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុក រ៉ូយ៉ាល់ឌុយកំបូដ(Royal du Cambodge) នៅមុននេះបន្តិច។

ព្រះរាជទានរបស់ព្រះអង្គទាំងទ្វេនេះ គឺក្រោមព្រះរាជតម្រិៈដង្ហែតាមជានិច្ច ចំពោះព្រះរាជសកម្មភាព ដ៏ឧត្តុង្គ ឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពី សម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យ ទុកដាក់ ខ្ពស់ចំពោះវិស័យ សុខាភិបាល ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ដោយបាន កសាងនូវព្រះរាជសមិទ្ធផល ជាច្រើនបម្រើឱ្យវិស័យសុខាភិបាលនៅទូទាំង ព្រះរាជាណាចក្រកម្ពុជាមានភាព ល្អប្រសើរឡើង និងត្រូវបាន ប្រជានុរាស្រ្ត ថ្វាយព្រះបរមនាមថា ព្រះវររាជបិតាសុខាភិបាលជាតិ។

គួរបញ្ចាក់ផងដែរថា នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន វិភាគទានជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង៤លើក មានចំនួន ៣ ៧០០ ០០០ ដុល្លារសហរដ្ឋអាមេរិក។

គួររម្លឹកផងដែរថា គិតត្រឹមព្រឹកថ្ងៃនេះ នៅកម្ពុជា មានអ្នកកំពុងផ្ទុកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៦០៤នាក់ ក្នុងចំណោមករណីសរុបទូទាំងប្រទេស សរុប ១ ២២៥នាក់ និងព្យាបាលជាសះស្បើយ ចំនួន ៦១៩នាក់ និងទទួលមរណភាព ០១នាក់៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register