លើកពេលការប្រកួតបន្ថែមលីគកំពូលកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១–

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានប្រកាសលើកពេលចំនួន២ប្រកួតបន្ថែមទៀត សរុបលើកពេល៤ប្រកួតហើយទៅខែមេសា សម្រាប់ការប្រកួតសន្សំពិន្ទុសប្តាហ៍ទី២ ក្របខ័ណ្ឌ លីគ កំពូលកម្ពុជា។ ដូច្នេះ២ប្រកួត ដែលនៅសល់ នាថ្ងៃ១៣-១៤ ខែមីនា ឆ្នាំ២០២១​ គឺជាការប្រកួតរវាង ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងប៉ះជាមួយអគ្គិសនីកម្ពុជា នៅកីឡដ្ឋានខេត្តស្វាយរៀង និងម្ចាស់ផ្ទះ អង្គរថាយហ្គឺរប៉ះគីរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តសៀមរាប។

ចំពោះ៤ប្រកួត ដែលត្រូវបានផ្លាស់កាលបរិច្ឆេតការប្រកួតទៅលេងនាថ្ងៃទី២០ ខែមេសា​ឆ្នាំ២០២១នោះ រួមមាន៖ អាស៊ីអឺរ៉ុបយូណាយធីតប៉ះជាមួយ ក្រុមការពារម្ចាស់ដំណែងជើងឯក បឹងកេត, ក្រុមចំណូលថ្មី ខេត្តព្រៃវែងប៉ះជាមួយសូលទីឡូអង្គរ, ណាហ្គាវើលប៉ះជាមួយ កងយោធពលខេមរភូមិន្ទ ខណៈវិសាខាប៉ះជាមួយនគរបាលជាតិ។

ការលើកពេលការប្រកួតនេះត្រូវបាន CNCC បានលើកឡើងនូវស្ថានភាពជាក់ស្តែងនាពេល បច្ចុប្បន្ននេះនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែ បង្កផលប៉ះ ពាល់ខ្លាំងនៅឡើយ។

សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​ ក្លឹបកីឡាបាល់ទាត់វិសាខាបញ្ជាក់ថា បន្ទាប់ពីរក ឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ធ្លាប់មានប្រវត្តិមកកីឡដ្ឋានព្រីនស៍នៃក្លឹបកីឡាបាល់ទាត់វិសាខាក្លឹបនេះបាន ធ្វើការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំធ្វើតេស្តសំណាកភ្លាមៗ ដល់ថ្នាក់ដឹកនា បុគ្គលិក គ្រូបង្វឹក និងកីឡាករសរុបចំនួន១៦៦នាក់ ដែលលទ្ធផលបញ្ជាក់ថា ការធ្វើតេស្តលើកទី១នេះ ទាំងអស់គ្នាមិន មានវិជ្ជមានកូវីដ-១៩នោះទេ។

ក្លឹបបាល់ទាត់វិសាខានៅតែបន្តការអនុវត្តតាមគោលការណ៍ក្រសួងសុខាភិបាល ក្នុងការធ្វើ ចត្តាឡីស័ក ដោយរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ មិនចេញក្រៅ និងចៀសវាងការជួបជុំផ្សេងៗ ដើម្បីរង់ចាំការធ្វើតេស្តសំណាកជាលើកទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ខាងមុខ។ នេះជាមូលហេតុ ដែលនាំឱ្យលើកពេល២ប្រកួតដំបូង ដែលក្រុមបាល់ទាត់វិសាខា បានប្រកួតក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ០ ទល់ ០ ក្នុងសប្តាហ៍ទី១ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ដូច្នេះហើយ២ក្រុមនេះ ដែលត្រូវលេងបន្តនៅចុងសប្តាហ៍នេះជាមួយក្រុមផ្សេងៗទៀត ត្រូវបានលើកពេលទៅលេងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១វិញ៕ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register