CNCC ប្រកាសលើកពេលជាច្រើនប្រកួត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ដ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ — គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា​ CNCC បានប្រកាសលើកពេលការប្រកួតមួយ​ចំនួន​បន្ថែមទៀត សម្រាប់វគ្គសន្សំពិន្ទុក្នុងពូល សប្តាហ៍ទី៥​ សប្តាហ៍ទី៦ នៃពានរង្វាន់សម្តេតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។

លិខិតជូនដំណឹងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១របស់ CNCC បានបញ្ជាក់ថា សម្រាប់ការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី៥​ នៅរសៀលថ្ងៃអង្គារ៍ទី១៦ ខែមីនា ឆ្នាំ២០២១ នៅ​សល់តែមួយប្រកួតប៉ុណ្ណោះ ដែលជាការជួបគ្នារវាងក្រុមកងរាជអាវុធហត្ថខេត្តកំពង់ធំ​ជួបជា​មួយក្រុមសៀមរាបFC។ ចំពោះការប្រកួតផ្សេងៗទៀត ដែលត្រូវប្រកួតនៅក្នុងសប្តាហ៍ទី៥នេះ និងសប្តាហ៍ក្រោយនឹងត្រូវលើកពេលទៅប្រកួតនៅថ្ងៃទី២៧ ខែមីនា, ៣១ ខែមីនា និងថ្ងៃទី០៤ ខែមេសាខាងមុខ បន្ទាប់ប្រកួតជាច្រើនផ្សេងៗទៀត កាលពីសប្តាហ៍មុនៗ ក៏ត្រូវបានលើក​ពេល​​ដូចគ្នាផងដែរ។ ដូច្នេះគម្រោងនៃការប្រកួតសន្សំពិន្ទុក្នុងពូលទាំង៦ មាន២១ក្រុម​ថ្នាក់ខេត្ត ដែលប្រើប្រាស់រយៈពេល៦សប្តាហ៍នោះនឹងត្រូវបន្តជាច្រើនសប្តាហ៍តទៅមុខទៀត ដើម្បីឱ្យបណ្តាក្រុមនានាបញ្ចប់គ្រប់ប្រកួតរបស់ខ្លួន។ ការកែប្រែកាលបរិច្ឆេទ​នៃការប្រកួតថ្មីៗ​ជាបន្ទបន្ទាប់នេះ ត្រូវបាន CNCC លើកឡើងនូវបញ្ហាប្រឈមខ្លាំងនៃស្ថានភាព​ជាក់ស្តែងការរីក​រាលដាលជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមបញ្ជាក់ថា​ តាមការគ្រោងទុក ការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលទាំង៦ ដែល​មាន​២១​ក្រុមនេះ គឺដើម្បីស្វែងរកក្រុមខ្លាំងៗចំនួន១៦ក្រុម​ថ្នាក់ខេត្តឡើងទៅប្រកួតជម្រុះ​បន្តនៅ​វគ្គ១៦ក្រុមថ្នាក់ខេត្ត ដោយ១២ក្រុមខ្លាំងៗលើកំពូលតារាងនៃពូលទាំង៦ ជាក្រុមចំណាត់​ថ្នាក់លេខ១ និងលេខ២ក្នុងពូលនីមួយៗ (ស្មើនឹង១២ក្រុម) នឹងបានឡើងទៅដោយស្វ័យប្រវត្តិ ខណៈ៤ក្រុមផ្សេងទៀត នឹងត្រូវបានជ្រើសរើសចេញពីក្រុមចំណាត់ថ្នាក់លេខ៣ល្អជាងគេនៃ​ពូលនីមួយៗឡើងទៅបង្គ្រប់១៦ក្រុម៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register