អភិបាលខេត្តបន្ទាយមានជ័យ ​ជំរុញ​ក្រុមការងារគ្រូពេទ្យ​​​បង្កើនយកចិត្តទុកដាក់ថែមទៀត ណែនាំអ្នកធ្វើចត្តាឡីស័កឱ្យអនុវត្តន៍ខ្ជាប់ខ្ជួន​នូវវិធាន​​​​ការ៣កុំ ​៣ការពារ

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរសមត្ថកិច្ច ក្រុមគ្រូពេទ្យប្រចាំការទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការគ្រប់គ្រងជួយ ណែនាំ​អ្នកដែលកំពុងធ្វើចត្តាឡីស័កដោយត្រូវអនុវត្តន៍ខ្ជាប់ខ្ជួន វិធានសុខាភិបាល ពិសេស វិធានការ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងី​កូវីដ១៩ ដែលកំពុងរាតត្បាតចូល​​សហគមន៍ក្នុងប្រទេសយើងនេះ។

ការថ្លែងជំរុញបែបនេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំវិធានការបន្ថែមដល់​ក្រុមការងារចម្រុះប្រចាំការ នៅមណ្ឌលចត្តាឡីស័កស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកភ្នំស្រុក និងមណ្ឌលធ្វើចត្តាឡីស័កស្រុកព្រះនេត្រព្រះ ដើម្បីពង្រឹងការគ្រប់គ្រប់សម្របសម្រួល បងប្អូនធ្វើចត្តាឡីស័កឱ្យបាន ហ្មត់ចត់តាមវិធានការសុខាភិបាលនោះ។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានថ្លែងកោតសរសើរ និងលើកទឹកចិត្តចំពោះ​គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តក្រុមគ្រូពេទ្យព្រមទាំងមន្ត្រី និងកងកម្លាំង ក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងបេសកកម្មនេះដោយ យក​ចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាព របស់​ប្រជាពលរដ្ឋស្របទៅតាមការណែនាំរបស់ ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជាយើង។

ទន្ទឹមនោះដែរ អភិបាលខេត្តបន្ទាយមានជ័យក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជា ពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារដោយ គោរព ឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេសអនុវត្តន៍ឱ្យខាងតែបាននូវវិធានការ៣ ការពារ​ត្រូវពាក់ម៉ាស ត្រូវលាងដៃឱ្យបានញឹកញាប់ត្រូវរក្សា គម្លាតសង្គម គម្លាតបុគ្គល។ ៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមាន មនុស្សច្រើន កុំប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា​  នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែង ដែលមានមនុស្សច្រើនហើយត្រូវប្រើវិធីសំពះគ្នា លើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ ​៕

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register