មកទស្សនាអង្គរត្រូវគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ — ការធ្វើដំណើរកម្សាន្តនៅក្នុងតំបន់អង្គរនាពេលបច្ចុប្បន្ន តម្រូវឱ្យអ្នកទេសចរទាំងជាតិ និងអន្តរជាតិ ត្រូវគោរព និងប្រតិបត្តិតាមគោលការណ៍ពីរពោលគឺ ត្រូវគោរពទៅតាម ក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិ អប្សរា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជូននូវអត្ថបទផ្សព្វផ្សាយមួយដល់អ្នកសារព័ត៌មាន ដោយ បញ្ជាក់ថា ចាប់តាំងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥ អង្គរគឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ដែលត្រូវគេប្រសិទ្ធនាមឈ្មោះថា អាណាចក្រខ្មែរ។ មកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជា បូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក  និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជា សំពះបន់ស្រន់ បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិ ក្នុងពិភពលោក ទាំងមូលទៀតផង។

ដូច្នេះហើយ អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ បានសហការជាមួយប្រជាពលរដ្ឋនៅតំបន់អង្គរ  ភ្ញៀវទេសចរ  មគ្គុទ្ទេសក៍ទេសចរ និងក្រុមការងារជួសជុលប្រាសាទជាដើម បានបង្កើតក្រម មួយឈ្មោះថា ក្រមប្រតិបត្តិអង្គរ ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនារមណីយដ្ឋាន អង្គរត្រូវអនុវត្តតាម ក្នុងគោលដៅធ្វើយ៉ាងណា ធានាឱ្យបាននូវសុវត្ថិភាព ក៏ដូចជា បទពិសោធន៍ល្អៗ  ការគោរពលើកតម្លៃ និងរបៀបរៀបរយសម្រាប់តំបន់រមណីយដ្ឋានអង្គរ។ រីឯខ្លឹមសារសំខាន់ៗនៃក្រមប្រតិបត្តិនោះរួមមាន ហាមស្លៀកខើចលើខើចក្រោម ហាមប៉ះក្បាច់ចម្លាក់ ឬអង្គុយលើថ្មទ្រុឌទ្រោម ហាមស្រែកឡូឡា ហាមឡើងលើគំនរថ្ម ត្រូវគោរពស្លាកសញ្ញា ហាមជក់បារី និងចោលសំរាមជាដើម។

អត្ថបទផ្សព្វផ្សាយនោះបានឱ្យដឹងទៀតថា ដោយឡែកបច្ចុប្បន្នស្ថិតនៅក្នុង ដំណាក់ កាលដែលមេរោគកូវីដ១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនេះ អាជ្ញាធរជាតិអប្សរា ក៏បានសូម អំពាវនាវចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលមក ទស្សនាតំបន់រមណីយ ដ្ឋានអង្គរ ត្រូវគោរពក្រមប្រតិបត្តិអង្គរផង អនុវត្តន៍តាមការណែនាំរបស់ក្រសួង សុខាភិបាលផង ដូចជាពាក់ម៉ាស រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃ និងមិនត្រូវជួបជុំ មនុស្សច្រើន ឬចូលរួមក្នុងទីកន្លែងងងឹត ចង្អៀតជាដើម។ល។

លោកបានបញ្ជាក់ថា ការគោរពក្រមប្រតិបត្តិអង្គរផង និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលផង គឺជាការជួយខ្លួនឯងឱ្យមានសុវត្ថិភាព ក៏ដូចជារួមចំណែកក្នុងការ អភិរក្ស និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរផងដែរ៕

ដោយ ហង្ស សៀក

You do not have permission to write comment on this post.

Log in Register