សម្ដេចតេជោនាយករដ្ឋមន្ត្រី អរគុណបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងការយោគយល់របស់បងប្អូន ក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

នៅលើផេកផ្លូវការ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូន ក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។ សម្ដេចតេជោបន្តថា ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។

គួរបញ្ជាក់ដែរថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ១ ៨១៧ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១ ០៣៣ នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧៧៧នាក់ និងស្លាប់ចំនួន០៥នាក់៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register