អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យកម្មករ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ទាំងអស់គ្នា

Please log in or register to like posts.
ព័ត៌មាន

 AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ — ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់កម្មករ និយោជិតទាំងអស់ ចូលរួមក្នុងការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ទាំងអស់គ្នា។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះថា សូមបងប្អូនកម្មករ និង ជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ឯកឧត្តម​បញ្ជាក់ថា “ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាគន្លឹះក្នុងការការពារអាយុជីវិត​របស់បងប្អូន និងក្រុមគ្រួសារ ចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឱ្យយើង​អាច​ចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន”។ ឯកឧត្ដមបានលើកឡើងថា ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឱ្យចាក់វ៉ាក់សាំង នឹងទទួលទណ្ឌកម្ម និង​បាបកម្ម​យ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន ហើយអំពើបាបនេះអាចឱ្យអ្នកចុះនរក។

ឯកឧត្ដមបានណែនាំដល់កម្មករ និយោជិតទាំងអស់ សូមបងប្អូនជឿជាក់លើ​វិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបាន ខិតខំស្វែងរកមក។ ឯកឧត្ដម ហេង សួរ បានថ្លែងថា “ខ្ញុំ និងមិត្តភក្តិបានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និង​មិន​​ឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ”។ ឯកឧត្ដមក៏បានបញ្ជាក់ជូនដល់ បងប្អូននៅតាមរោងចក្រ ត្រូវរាយ​ការណ៍ជូនរដ្ឋបាលរោងចក្រជាបន្ទាន់ ប្រសិនជាឃើញ ឬស្តាប់ឮអ្នកណាម្នាក់ឃោសនាបំផុសកុំឱ្យចាក់វ៉ាក់សាំងកូវីដ។ ទន្ទឹមនេះ សូមថ្នាក់ដឹកនាំ​សហជីព​ទាំងអស់មេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងបំផុសឱ្យ​បង​ប្អូនកម្មករចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងអស់គ្នា។

 ជាមួយគ្នានោះដែរ ឯកឧត្ដម ហេង សួរ ក៏បានស្នើឱ្យកម្មករ ថតអ្នកដែលបំផុស​និង​ញុះ​ញង់​មិនឱ្យកម្មករទៅចាក់វ៉ាក់សាំង ដើម្បីបញ្ជូនឱ្យសមត្ថកិច្ច​ចាក់វិធានការដាក់​ទោស​ទណ្ឌ​តាមច្បាប់ផងដែរ។

សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិត​មក​ត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អ្នកដែលមកចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ១៩​មាន​ចំនួន ២៤១ ៥៩៣ នាក់ (ស្រី ៨៤ ៤៦៤ នាក់) ។ អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ មានចំនួន ២២២ ៧២៦ នាក់ (ស្រី ៧៦ ៦១១ នាក់)។ ចំពោះអ្នកដែលបានចាក់លើកទី២ មានចំនួន ៥៨ ៣៩៧ នាក់ (ស្រី ១៤ ៩៥៤ នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត​ឱ្យចាក់​ចំនួន ១៨ ៩១៣ នាក់ (ស្រី ៧ ៨៥៩ នាក់)៕

ដោយ ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register