សម្ដេចតេជោ ហ៊ុន សែន៖ យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ១លានដូសក្នុងមួយខែ នៅទូទាំងប្រទេស នឹងត្រូវធ្វើនៅពេលខាងមុខ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍​ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ១លានដូសក្នុងមួយខែ នៅទូទាំងប្រទេស នឹងត្រូវធ្វើនៅពេលខាងមុខ ខណៈដែលទីកន្លែងប្រមាណជាង៣០០ សម្រាប់ចាក់វ៉ាក់សាំង ត្រូវបានរៀបចំរួចហើយនៅតាមបណ្ដាខេត្តទូទាំងប្រទេសនោះ។

ក្នុងសារជាសំឡេងផ្ញើជូនអភិបាលខេត្ត រាជធានី នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា  នៅពេលខាងមុខនេះ​យុទ្ធនាការចាក់វ៉ាក់សាំង​របស់​យើង នឹងធ្វើដោយទ្រង់ទ្រាយធំ ហើយដោយមានអន្តរាគមន៍ពីពេទ្យដែល​ទៅពីថ្នាក់​ជាតិចូលរួមផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា តាមគម្រោងរបស់យើង ក្នុងមួយខែ ត្រូវ​ចាក់ឱ្យបានក្នុងកម្រិតយ៉ាងហោច គឺ១លានដូស ព្រោះថាវ៉ាក់សាំងរបស់យើង ដែលទិញ និងការទទួលជំនួយនានា នឹងមកជាបន្តបន្ទាប់ ដែលត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ។ ក្នុងន័យនេះ សម្ដេចតេជោបានស្នើឱ្យអភិបាលខេត្តទាំងអស់ គឺត្រូវទទួលរ៉ាប់រងកន្លែង​ស្នាក់​នៅរបស់ក្រុមគ្រូពេទ្យ ដែលទៅពីទីក្រុងភ្នំពេញ ស្ម័គ្រចិត្តទៅជួយ ឬចល័តពីកន្លែង​មួយទៅកាន់កន្លែងមួយ គឺខេត្តទទួលខុសត្រូវទៅលើការស្នាក់នៅ។ សម្ដេចតេជោ​បាន​លើក​ឡើងថា  សព្វថ្ងៃនេះសណ្ឋាគារ ផ្ទះសំណាក់គឺមាននៅសល់ច្រើន ដែលយើងអាច​ពឹង​ពាក់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ដើម្បីអាចនឹងផ្ដល់ឱ្យគ្រូពេទ្យរបស់​យើងស្នាក់​នៅបាន ចៀសវាងការយកថវិកាទៅជួលបន្ថែម ក្នុងពេលដែលគ្រូពេទ្យស្ម័គ្រចិត្ត​ទាំងនោះ​ទៅ​ជួយដល់ប្រជាជន។ សម្ដេចតេជោគូសបញ្ជាក់ថា “ដូច្នេះថ្នាក់ជាតិ ទទួលខុសត្រូវទៅ​លើថវិកាសម្រាប់ការធ្វើដំណើរ និងការហូបចុករបស់ក្រុមគ្រូពេទ្យប៉ុណ្ណោះ ប៉ុន្តែការ​ស្នាក់​នៅជាសណ្ឋាគារ ឬផ្ទះសំណាក់ គឺអភិបាលខេត្តទទួលរ៉ាប់រងទទួលខុសត្រូវ”។ ដោយ​សម្ដេចតេជោយល់ថា ប្រជាពលរដ្ឋដែលជាម្ចាស់សណ្ឋាគារនៅតាមទីកន្លែង ដែលក្រុម​គ្រូពេទ្យត្រូវទៅស្នាក់នៅ គាត់មិនកំណាញ់នោះទេ ទៅលើកិច្ចសហការក្នុង​ស្ថានភាព​មនុស្ស​ធម៌បែបនេះ។ ដូច្នេះសម្ដេចតេជោស្នើឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់​វ៉ាក់សាំង រៀបចំគម្រោងនៃការចំណាយតែទៅលើការធ្វើដំណើរ និងការហូបចុកបាន​ហើយ ប៉ុន្តែសម្រាប់ការស្នាក់នៅតាមសណ្ឋាគារ ឬផ្ទះសំណាក់ ទូកការទទួលខុសត្រូវ​នេះ​ឱ្យអភិបាលខេត្តទទួលរ៉ាប់រង។ សម្ដេចតេជោប្រមុខរាជដ្ឋាភិបាលសង្ឃឹមថា ឯកឧត្ដម លោកជំទាវ ជាអភិបាលរាជធានី ខេត្ត ច្បាស់ជាធ្វើបាននៅកិច្ចការងារនេះ ដែលមានការ​សហការល្អ ជាមួយនឹងម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅមូលដ្ឋាន ដើម្បីកាត់បន្ថយការ​ចំណាយរបស់ថ្នាក់ជាតិ ដែលជាចំណូលរបស់សប្បុរសជន ហើយទុកចំណូល​នេះ​សម្រាប់​ចំណាយទៅលើប្រតិបត្តិការ ក្នុងដំណើរការចាក់វ៉ាក់សាំង ដែលយើងត្រូវប្រើប្រាស់រយៈ​ពេល​នៃការចាក់វ៉ាក់សាំងនេះមិនឱ្យអូសបន្លាយយូរ ដោយខិតខំពេលមានវ៉ាក់សាំង​មក​ដល់។

សម្ដេចតេជោបានបន្ថែមថា ឥឡូវនេះ សូម្បីពេលវ៉ាក់សាំងមកដល់ហើយនេះ គឺ​យើងត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំងមក​ច្រើនជាង​នេះ យើងអាចចាក់លើសពីនេះ ដោយយើងបានទទួលព័ត៌មានថានៅតាមខេត្ត យើងបាន​រកទីកន្លែងចាក់បានសមគួរហើយដែរ ដែលមានប្រមាណជាង៣០០​កន្លែងនៅទូទាំង​ប្រទេស ដែលនេះជាការល្អ ក៏ប៉ុន្តែលទ្ធភាពរបស់គ្រូពេទ្យជាបញ្ហា។ សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រីថ្លែងបន្ថែមថា ចំពោះគ្រូពេទ្យ ត្រូវតែរកនៅឯមូលដ្ឋានផងដែរ រាប់ទាំងគ្រូពេទ្យរដ្ឋ ប៉ុន្តែគ្រូពេទ្យរដ្ឋមិនត្រូវធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការ នៃការព្យាបាលជំងឺគ្រប់ប្រភេទ​ដែលគ្រូពេទ្យរបស់រដ្ឋកំពុងតែដំណើរការនោះទេ។ សម្ដេចតេជោបានអះអាងថា “យើង​យកតែគ្រូពេទ្យដែលមិនជាប់ពាក់ព័ន្ធ ដែលអាចជួយមកចាក់វ៉ាក់សាំងបានតែប៉ុណ្ណោះ។ ក្រៅពីនោះត្រូវចលនាគ្រូពេទ្យស្ម័គ្រចិត្ត តាមគ្លីនិកឯកជន ក៏ដូចជាគ្រូពេទ្យ​ដែលជាសេវា​ឯកជន យកមកធ្វើការហ្វឹកហ្វឺន ដើម្បីបង្កើនចំនួនគ្រូពេទ្យចាក់នៅតាមទីកន្លែង​ដែលបាន​រៀបចំរួចមកហើយ បន្ថែមទៅដោយអន្តរាគមន៍នៃគ្រូពេទ្យស្ម័គ្រចិត្តដែលទៅពីថ្នាក់ជាតិ ដែលមានក្រុមគ្រូពេទ្យច្រើនក្រុមចុះទៅ។”

គួរបញ្ជាក់ដែរថា ការប្រកាសដាក់ចេញផែនការ ពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងក្រោយពេលកម្ពុជាបានបញ្ជាទិញ វ៉ាក់សាំង ទប់ស្កាត់វីរុសកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូសរបស់ប្រទេសចិន ដែល​បានដឹកនាំមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១កន្លងមក។ តាមគម្រោង វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់​សាធារណ​រដ្ឋប្រជាមានិតចិន ក៏នឹងមកដល់កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១​ខាងមុខផងដែរ៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register