ក្រសួងព័ត៌មាន ត្រៀមទីកន្លែងរួចរាល់សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់​ដឹកនាំ មន្រ្ដីរាជការ និងអ្នកសារព័ត៌មានជាង៥ពាន់នាក់ ក្នុងសប្ដាហ៍នេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ –មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា រហូតមកដល់ពេលនេះ ក្រសួងបានរៀប ចំត្រៀមទីកន្លែងរួចរាល់សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្ដី​រាជការ និងអ្នកសារព័ត៌មានសរុបជាង ៥ ០០០ នាក់ ដែលនឹងត្រូវធ្វើឡើង​នៅក្នុង​សប្ដាហ៍នេះ។

ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការចំពោះ​កិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា រហូតមកដល់ពេលនេះ ក្រសួងបានត្រៀមរៀបចំទីកន្លែងចាក់វ៉ាក់សាំងរួចរាល់អស់ហើយ ដោយមានចាប់ពី​កន្លែង​រង់ចាំ កន្លែងពិភាក្សាជាមួយគ្រូពេទ្យ កន្លែងសង្គ្រោះ បន្ទប់គ្រូពេទ្យចាក់វ៉ាក់សាំង ព្រមទាំង​បានចាត់ចែងក្រុមការងារចាក់វ៉ាក់សាំងរួចរាល់ហើយដែរ ដោយរៀបចំទៅតាមមុខងារ តួនាទី និងការទទួលខុសត្រូវតាមផ្នែកនីមួយៗ ដោយរង់ចាំតែខាងក្រសួងសុខាភិបាល​មកពិនិត្យ និងសម្រេចតែប៉ុណ្ណោះ។ ឯកឧត្ដមបានបញ្ជាក់ថា ការរៀបចំចាក់​វ៉ាក់​សាំងនៅ​ក្នុងក្រសួងព័ត៌មាននេះ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ និងដោយអនុវត្ដន៍តាម​បទ​​បញ្ជារបស់ ​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជា​ណាចក្រកម្ពុជា ឱ្យរៀបចំបញ្ជីឈ្មោះមន្រ្ដីរាជការ និងអ្នកសារព័ត៌មានដែលស្ម័គ្រចិត្ដចាក់​វ៉ាក់​សាំងកូវីដ១៩ ព្រមទាំងការដាក់ផែនការជំរុញឱ្យក្រសួងរៀបចំការចាក់វ៉ាក់សាំង​ឱ្យ​បាន​លឿន ក្នុងខណៈវ៉ាក់សាំងបានដឹកមកដល់កម្ពុជា១,៥លានដូស និងបន្ដនាំវ៉ាក់សាំងមកជា​បន្ដ​បន្ទាប់​ទៀត​នោះ។ ឯកឧត្ដមរដ្ឋលេខាធិការបន្ដថា ការរៀបចំចាក់វ៉ាក់សាំងការពារ​ជំងឺ​កូវីដ១៩ នៅក្នុងក្រសួងព័ត៌មាននេះ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចំនួន​មនុស្សដែល​មកចាក់វ៉ាក់សាំង ដោយសារតែក្រសួងព័ត៌មានគឺមានមនុស្សច្រើន និងរួមទាំងអ្នកសារព័ត៌​មានផងដែរ។ ឯកឧត្ដមបានពន្យល់ថា ចំពោះអ្នកដែលមកចាក់វ៉ាក់សាំង គឺធ្វើឡើងកំណត់​មនុស្សទៅតាមថ្ងៃ និងការកំណត់ពេលវេលាជាក់លាក់ ហើយធ្វើទៅតាមចំនួនមនុស្ស​នៅ​ក្នុងអគ្គនាយកដ្ឋាននីមួយៗដែលចំណុះឱ្យក្រសួងព័ត៌មាន ព្រមទាំងតាមបញ្ជីឈ្មោះ​អ្នក​សារព័ត៌មានដែលអង្គភាពសារព័ត៌មានបានបញ្ជូនឈ្មោះមកក្រសួងព័ត៌មានរួច។ ឯកឧត្ដម​បានអះអាងថា ការធ្វើដូច្នេះគឺដើម្បីកុំឱ្យមានលំហូរមនុស្សសម្រុកមកចាក់វ៉ាក់​សាំងមាន​ចំនួនច្រើន និងមកប្រជ្រៀតគ្នា ដោយរក្សាឱ្យមានគម្លាតសុវត្ថិភាព។

ឯកឧត្ដមបានបន្ថែមថា “ការចាក់វ៉ាក់សាំងនេះ គឺសម្រាប់ថ្នាក់ដឹក​នាំ ទីប្រឹក្សា មន្រ្ដី​រាជការ មន្រ្ដីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន និងគ្រប់អង្គភាពសារព័ត៌​មាន​ឯកជនទាំង​អស់ រួមមានទាំងវិទ្យុ ទូរទស្សន៍ គេហទំព័រ និងអ្នកសារព័ត៌មានដែលបានប្រកប​វិជ្ជាជីវៈនៅ​ក្នុង​ប្រទេសកម្ពុជា។ សម្រាប់ការរៀបចំនេះ គឺដើម្បីកាត់បន្ថយការប្រមូលផ្ដុំគ្នាច្រើន ជាពិសេសការរៀបចំ​គ្រប់គ្រងមួយបាន​ច្បាស់​លាស់ ដោយអនុវត្ដន៍ទៅតាម​វិធានការរបស់​ក្រសួងសុខាភិបាល”។

បើតាមការបញ្ជាក់របស់ឯកឧត្ដម ផុស សុវណ្ណ ប្រភិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអនុប្រធានអនុគណៈ​កម្ម​ការចំពោះ​កិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹម​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន​ដែលចុះឈ្មោះ​ដោយ​ស្ម័គ្រ​ចិត្ដក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្រសួងព័ត៌​មាន​សរុបជាង ៤ ០០០ នាក់។ ឯកឧត្ដមបានបន្ដថា ចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការ​ក្រសួង ព័ត៌​មានដែលបានចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ដសរុបជាង ១ ០០០ នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ការចុះឈ្មោះរបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ១៩ មាន​ចំនួន ៥ ៣៩៥ នាក់ ក្នុងនោះ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួង​ព័ត៌មាន​សរុប​ចំនួន ១ ០៧៥ នាក់ និងអ្នកសារព័ត៌មានសរុបចំនួន ៤៣២០នាក់៕

ដោយ រិទ្ធី រូបថត៖ ជឹម ណារី និង ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register