សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យរៀបចំក្រមប្រតិបត្តិសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះ ក្នុងករណីមន្ទីរពេទ្យមិនមានសមត្ថភាពទ្រទ្រង់បាន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩រៀបចំនូវក្រមប្រតិបត្តិអមទៅដោយគោលនយោបាយ សម្រាប់ការព្យាបាលអ្នកជំងីកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ក្នុងករណីមន្ទីរពេទ្យមិនមានសមត្ថភាពទ្រទ្រង់បាននោះ។ក្នុងសារជាសំឡេង នាព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍លើឡើងថា «ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុន អំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើងប្រសិនបើជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺ ទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយយកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើន រាប់ទាំងនៅអាម៉េរិក បារាំង នៅអឺរ៉ុប និងបណ្ដានៅប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចមិនអាចទទួលបាន»។សម្តេចតេជោបានលើកឧទាហរណ៍ ដូចជាមន្ត្រីការទូតរបស់កម្ពុជាពីរនាក់ដែលឆ្លងជំងឺកូវីដ-១៩នៅប្រទេសបារាំង មន្ទីរពេទ្យមិនទទួលព្យាបាលទេ គឺគេឱ្យត្រឡប់មកព្យាបាលនៅតាមផ្ទះវិញ។ បងប្អូនខ្មែរយើងមួយចំនួនទាំងនៅអាម៉េរិក នៅបារាំង បានផ្ដល់យោបល់មកសម្តេចថា គួរតែចាត់វិធានការដើម្បីរៀបចំឱ្យមានការព្យាបាលតាមផ្ទះ ចំ ពោះអ្នកវិជ្ជមានកូវីដ-១៩កម្រិតស្រាល ហើយទទួលយកទៅព្យាបាលនៅតាមមន្ទីរពេទ្យតែអ្នកដែលមានជំងឺធ្ងន់។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមការងារពាក់ព័ន្ធរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយ យើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត ដែលអ្នកជាតិច អ្នកចូលច្រើន  ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ។ សម្តេចតេជោបានបន្តថា វិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ-១៩កម្រិតធ្ងន់ព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអ្នកស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមាន ការវិនិច្ឆ័យឱ្យបានច្បាស់។ សម្តេចតេជោបានលើកឡើងទៀតថា ការវិនិច្ឆ័យទៅលើកម្រិតអ្នកជំងឺដែលត្រូវព្យាបាលនៅតាមផ្ទះ គឺត្រូវផ្អែកលើចំណុចពីរ ចំណុចទីមួយ គឺអ្នកនោះត្រូវតែជាអ្នកដែលមាន ជំងឺស្រាល ហើយមានផ្ទះសមរម្យដែលអាចស្នាក់នៅព្យាបាលបាន។ ប្រសិនផ្ទះមានទំហំតូចគឺអាចឆ្លងរាលដាលដល់ក្រុមគ្រួសារ ត្រូវយកគាត់មកកាន់មន្ទីរពេទ្យ។ សម្តេចតេជោគិតថា «យ៉ាងហោចណាស់យើងមាន ៥០ភាគរយ នៃអ្នកជំងឺដែលមានលទ្ធភាពព្យាបាលនៅតាមផ្ទះហើយពួកគេក៏ចង់ព្យាបាលនៅតាមផ្ទះដែរ» ។ ដូច្នេះយើងគ្រាន់តែរៀប ចំជាក្រមប្រតិបត្តិតម្រូវថា តើអ្នកជំងឺត្រូវធ្វើបែបណា ដើម្បីឱ្យគាត់នៅមួយកន្លែង ហើយអ្នកផ្ទះដែលនៅជាមួយត្រូវធ្វើបែបណា សហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវជួយមើលថែទាំគាត់យ៉ាងម៉េច ដើម្បីកុំឱ្យគាត់ចេញក្រៅផ្ទះ ក្រុមគ្រូពេទ្យត្រូវតែព្យាបាលគាត់ ត្រូវធ្វើរបៀបម៉េច និងការងារដទៃទៀតដែលមានការពាក់ព័ន្ធ។ សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា «យើងនឹងអាចឈានទៅដល់ដំណាក់កាលនោះ ក្នុងករណីដែលព្រឹត្តិការណ៍២០កុម្ភៈនេះមិនមានការថមថយដូចជាពេលនេះ ជាពិសេសបានកើតនៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលដែលនៅជាប់ទីក្រុងភ្នំពេញនេះ»។ សម្តេចតេជោថ្លែងបន្តទៀតថា វាទៅហួសពីលទ្ធភាពដែលយើងអាចធ្វើបាន ព្រោះបញ្ហានេះ វាមិនមែនជាបញ្ហាតែកម្ពុជាមួយនោះទេ វាជាបញ្ហារបស់ប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិក ប្រទេសបារាំង អឺរ៉ុប និងប្រទេសចំនួនទៀត មិនអាចយកទៅដាក់តែក្នុងមន្ទីរពេទ្យទាំងអស់បានទេ ហើយមន្ទីរពេទ្យរបស់យើងក៏ត្រូវព្យាបាលអ្នកជំងឺផ្សេងៗទៀត មិនអាចដាក់តែកូវីដបាននោះទេ។ ជាមួយការគិតគូពីការដាក់ឱ្យព្យាបាលនៅតាមផ្ទះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងារត្រូវពិនិត្យផងដែរ ទៅលើគោលនយោបាយសម្រាប់ជួយឧបត្ថម្ភអ្នកជំងំកូវីដ-១៩ តាមរបៀបដូចជាការឧបត្តម្ភសម្រាប់អ្នកធ្វើចត្តាឡីស័ក នៅតាមផ្ទះអីចឹងដែរគឺ ក្នុងមួយថ្ងៃជួយគាត់ ២ម៉ឺនរៀលសម្រាប់ការហូបចុកនានា ដែលត្រូវផ្ដល់ ឱ្យពួកគាត់ ដើម្បីឱ្យអ្នកផ្ទះជួយរៀបចំនៅម្ហូបអាហារនេះសម្រាប់គាត់ ដើម្បីបំប៉នសម្រាប់ការព្យាបាល។ ពិតហើយក្រុមគ្រួសាររបស់គាត់មានលទ្ធភាពដើម្បីនឹងជួយប៉ុន្តែ យើងក៏ត្រូវជួយបន្ថែមសម្រាប់អ្នកជំងឺរបស់យើង ដែលយើងមិនបានយកពួកគាត់មកកាន់មន្ទីរពេទ្យ។ ជាងនេះទៀតសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យមានការរៀបចំក្រុមគ្រូពេទ្យចល័ត សម្រាប់ការព្យាបាលពីផ្ទះមួយទៅកាន់ផ្ទះមួយទៀត ហើយបើអាចធ្វើទៅបាន អ្នកដែលត្រូវទទួលការព្យាបាលនេះ គួរតែជាគ្រូពេទ្យនៅតាមមូលដ្ឋាន តែយើងត្រូវធ្វើការបណ្ដុះបណ្ដាលពួកគាត់ ដើម្បីគាត់អាចទៅចូលរួមក្នុងការព្យាបាល ព្រោះយើងពិបាកក្នុងការដកគ្រូពេទ្យពីតាមមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ។ អីចឹងត្រូវរកក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅតាមខណ្ឌ ស្រុកនីមួយៗតែម្ដងក៏ជាការល្អ ព្រោះអ្នកទាំងនេះសុទ្ធតែជាអ្នកដែលមានជំងឺកម្រិតស្រាល។ ប៉ុន្តែបើករណីសង្ស័យថាគាត់មានជំងឺធ្ងន់ត្រូវដឹកគាត់មកកាន់មន្ទីរពេទ្យភ្លាម។គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២ ៨២៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១ ៧៩៤នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០០៣នាក់ និងស្លាប់ចំនួន២២នាក់៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register