ក្រសួងអប់រំរៀបចំសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំសាលារៀន និងការគ្រប់គ្រងអប់រំនាសតវត្សរ៍ទី២១

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ — ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិអប់រំអន្តរជាតិ នៃប្រទេសសិង្ហបុរី បានសហ​ការរៀបចំវគ្គសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំសាលារៀន និងការគ្រប់គ្រងអប់រំនាសតវត្សរ៍​ទី២១ លើប្រធានបទ “កិច្ចការក្នុងការដឹកនាំគ្រប់គ្រងសាលារៀនសតវត្សរ៍ទី២១” និង“គោល​វិធី​ក្នុងការដឹកនាំគ្រប់គ្រងសាលារៀនសតវត្សរ៍ទី២១” ដល់គណៈគ្រប់គ្រងសាលារៀន មន្រ្តី​ជំនាញ​អធិការកិច្ច និងគ្រូបង្គោលថ្នាក់ជាតិ សរុបចំនួន១២៨នាក់ តាមប្រព័ន្ធអនឡាញ សម្រាប់​រយៈពេល ៥ខែ ចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពក្រុម​គោល​ដៅទាំងនេះក្នុងការដឹកនាំសាលារៀន ចងក្រងឯកសារសម្រាប់ការបន្តបណ្តុះបណ្តាលដល់​គណៈគ្រប់គ្រងសាលាដទៃទៀត និងបន្តនិរន្តរភាពក្នុងក្របខ័ណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​បានថ្លែងបើកសិក្ខាសាលាតាមរយៈប្រព័ន្ធ ZOOM ដោយបានបញ្ជាក់ថា ប្រសិទ្ធភាពរបស់​សាលា​រៀន គឺអាស្រ័យលើការដឹកនាំគ្រប់គ្រង ដោយផ្ដោតលើទំនួលខុសត្រូវ ស្វ័យភាព ការធ្វើរង្វាយតម្លៃ ការចូលរួមពីមាតាបិតាសិស្ស និងសហគមន៍ ការគ្រប់គ្រង និងដឹកនាំ​របស់​គណៈគ្រប់គ្រងសាលា ការបន្តអភិវឌ្ឍធនធានមនុស្ស សម្ភារបង្រៀន ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានហិរញ្ញវត្ថុ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់វិទ្យាស្ថានជាតិអប់រំអន្តរ​ជាតិនៃប្រទេសសិង្ហបុរី និងមូលនិធិតេម៉ាសេក ដែលបានសហការក្នុងការបណ្ដុះបណ្ដាលដល់​គណៈគ្រប់គ្រងសាលារៀន មន្រ្តីជំនាញអធិការកិច្ច និងគ្រូបង្គោលថ្នាក់ជាតិ ទោះបីស្ថិត​ក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ។ ឯកឧត្ដមក៏សូមជូនពរដល់សិក្ខាកាមទាំងអស់មានសុខភាពល្អ និង​​ប្រតិបត្តិ ៣ កុំ ៣ ការពារ និងសូមយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រតាមរយៈ​ប្រព័ន្ធ​អនឡាញនេះ៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register