ក្រុមបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណនៅព្រះលានជលដំរី

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ — ក្នុងការអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលាន ជល់ដំរីក្នុងក្រុងអង្គរធំ ការសិក្សាអំពីផលប៉ះពាល់បុរាណវិទ្យា គឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីឈ្វេងយល់ពីរចនាសម្ព័ន្ធ និងដំណាក់កាលនៃការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខ ព្រះបរមរាជវាំង និងការវិវឌ្ឍរបស់រចនាសម្ព័ន្ធបុរាណផ្សេងៗ ដែលនៅក្រោមដីទៅតាម យុគសម័យនិមួយៗ។

ជាលទ្ធផលក្រុមបុរាណវិទូបានប្រទះឃើញនូវរចនាសម្ព័ន្ធបុរាណជាច្រើន ដូចជាប្រព័ន្ធ ផ្លូវប្រព័ន្ធចង្អូរទឹក នៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ព័ន្ធ សំណង់ផ្សេងៗជាច្រើនទៀត។ ពិសេសជាងនេះទៀត គឺក្រុមបុរាណវិទូ បានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាល នៃខឿន ព្រះលានជល់ ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទ បាយ័ន ទៅខ្លោងទ្វារ ដីឆ្នាំង) នៃក្រុងអង្គរធំ។ ព្រមទាំងមានស្នាមដានជើងសសរឈើ ដែលបញ្ជាក់ថា មានសំណង់ អំពីឈើ ឬហៅថារោងទងអំពីឈើប្រក់ក្បឿង នៅតាមបណ្តោយផ្លូវ ប្រវែងជិត៨០ម៉ែត្រ។

លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូងនៃព្រះបរមរាជវាំង ប្រហែលជារាជព្រះបាទយសោវរ្ម័ន(ទី១) ពេលដែលផ្លាស់រាជធានីពីរលួសមកអង្គរដែលយកភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។ ចំពោះទបង្ហូរទឹក (លូបង្ហូរទឹក) បុរាណដែលទើបរកឃើញថ្មីនេះ លោក ខៀវ ច័ន្ទ​ បញ្ជាក់ថា បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជា គម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រនិងទទឹងមុខសម្រាប់ទឹកហូ០,២ម៉ែត្រ និងមាន បណ្តោយ៦ម៉ែត្រ។ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយ ធំខាងកើតដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។      

លោកបញ្ជាក់ទៀតថា បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដី និមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅ ក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឱ្យមាន ប្រព័ន្ធផ្លូវ និងប្រព័ន្ធ ប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ ដោយមាន រន្ធត្រដេវនៅទិសឦសាន សម្រាប់បញ្ចូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូទិសនិរតីសម្រាប់ បង្ហូទឹកចេញពីក្រុងទៅសិន្ធុ ខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេព្រះអង្គក៏បានស្ថាបនា កំពែងថ្មបាយក្រៀម ព័ទ្ធជុំវិញក្រុងដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុងផងដែរ។ ព្រះលាននេះ ត្រូវបានសាង ឡើងនៅចុងសតវត្សរ៍ទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបទបាយ័ន។ នៅទីនេះ បុព្វបុរសខ្មែរបានសាងខឿនខ្ពស់ផុតពីដីមួយជួរវែង លាតសន្ធឹងតាមបណ្តោយ កំពែងរាជវាំង ខាងកើតលយហួសទៅជើង និងហួសទៅត្បូង ដែលមានរានហាល ចំនួនបីនិងមានពីរជាន់។ នៅលើខឿននេះដើមឡើយមានអគារសាង ពីឈើប្រកក្បឿងតែសព្វថ្ងៃយើងមើល មិនឃើញទេ ឃើញតែស្លាកស្នាមថ្ម នៅខាងក្រោមប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុងអង្គរធំមានអាងស្តុកទឹកចំនួន៣គឺ បឹងតាតួត នៅទិសឦសាន បឹងដូនមានៅខាងលិចព្រះបរមរាជវាំង  និងបឹងធំនៅទិសនិរតី៕

ដោយ ឃុត សៅ (រូបថត៖ អាជ្ញាធរជាតិអប្សរា)

You do not have permission to write comment on this post.

Log in Register