ឯកអគ្គរដ្ឋទូតសិង្ហបុរី វាយតម្លៃខ្ពស់ចំពោះតូនាទីរបស់ក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន អំឡុងពេលកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ — លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណ​រដ្ឋ​សិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតូនាទីសំខាន់របស់ក្រសួង​ព័ត៌​មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន នៅអំឡុងពេលកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតនេះ ក្នុងឱកាសអញ្ជើញ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។

លោកជំទាវ Teo Lay Cheng បានសម្ដែងនូវការរីករាយដែលបានមកបំពេញ​បេសក​កម្ម​ការងារការទូតនៅកម្ពុជា ហើយបានកោតសរសើរចំពោះការគិតគូរ និងការឈ្វេងយល់​របស់​រាជរដ្ឋាភិបាល​​​កម្ពុជា ដែលបានផ្តល់នូវអាទិភាពដល់អ្នកសារព័ត៌មាន ក្នុងការទទួលបាន​ការ​ចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ ដែលជាកិច្ចការងារដ៏សំខាន់ធ្វើឱ្យប្រជាជន កាន់តែមាន​ការយល់​ច្បាស់បន្ថែមទៀតនៃការឆ្លងរោគរាតល្បាតដ៏កាចសាហាវនេះ។ លោកជំទាវ ឯកអគ្គ​រដ្ឋទូតសង្ឃឹមថា តាមរយៈទំនាក់ទនងនេះ នឹងអាចបន្តកិច្ចសហការ ការងារជាមួយ ក្រសួង​ព័ត៌​មានកម្ពុជា ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ សិង្ហបុរី និងកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ  បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មការ​ទូតរបស់​លោកជំទាវ Teo Lay Cheng ដែលត្រូវទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំកម្ពុជា។ ឯកឧត្ដមបានលើកឡើងថា តាមរយៈ បេសកកម្មការទូត​របស់លោកជំទាវនាឱកាសនេះ គឺពិតជាមានសារៈសំខាន់ដល់ការ​បន្តថែរក្សា និងលើកកម្ពស់​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់​តែរឹងមាំ និងរីកចម្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងការសរសើរចំពោះភាពជោគជ័យរបស់ប្រទេសសិង្ហបុរី ក្នុង​កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រការនេះ គឺជា​ផ្នែក​មួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក  ដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យ​សុខុ​មាលភាពរបស់ប្រជាជន ដែលឆ្លងកាត់សម័យកូវីដ-១៩នេះ បានល្អប្រសើរ និងសម្រាប់ជា​គុណប្រយោជន៍ក្នុងការរក្សាស្ថានការណ៍លើវិស័យសុខាភិបាលនៃប្រទេស​ទាំងពីរ កម្ពុជា សិង្ហបុរី បានកាន់តែប្រសើរឡើងទៅមុខបន្ថែមទៀត៕

ដោយ រិទ្ធី រូបថត៖ ​ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register