មន្ត្រីសុខាភិបាលខេត្តតាកែវ ធ្វើតេស្តរកជំងឺកូវីដ១៩ លើកម្មករ កម្មការិនី រោងចក្រប្រាយហ្វាស់ស៊ីង

Please log in or register to like posts.
ព័ត៌មាន

AKP តាកែវ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ — លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹង កាលពីថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា ការធ្វើតេស្តលើកម្មករ កម្មការិនី រោងចក្រប្រាយហ្វាស់ស៊ីង ចំនួន ២២៦នាក់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីមាន កម្មកររោងចក្រចំនួនពីរនាក់បានឆ្លងជំងឺកូវីដ១៩។ ការធ្វើតេស្តរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ គឺពុំមានរកឃើញការឆ្លងរីករាលដាល ទៅដល់កម្មករ កម្មការិនីដទៃទៀតនោះទេ។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានមាន ប្រសាសន៍បន្តថា ការធ្វើតេស្តតាមរយៈសំណាក និងការធ្វើតេស្តតាមរយៈ Rapid Test ទៅលើកម្មករ កម្មការិនីរោងចក្រ ប្រាយហ្វាស់ស៊ីង ចំនួន២២៦នាក់ ជាលទ្ធផល អវិជ្ជមានទាំងអស់។ ដូច្នេះមន្ត្រីជំនាញសុខាភិបាលនឹងធ្វើការផ្អាកយកសំណាក មួយរយៈ ពេលសិន ដោយរង់ចាំសប្តាហ៍ក្រោយ ទើបយើងយកសំណាកមកពិនិត្យរកមេរោគកូវីដ១៩ ម្តងទៀត។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឱ្យដឹងទៀតថា ក្នុងខេត្តតាកែវមាន កម្មករ កម្មការិនីជាង៣០០នាក់ហើយដេលបានឆ្លងជំងឺកូវីដ១៩ ហើយអ្នកជំងឺទាំងអស់ នោះបានសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកតាមក្រុង ស្រុកនីមួយៗ។ ដោយឡែក កម្មករ កម្មការិនី ដែលពាក់ព័ន្ធត្រូវបានអាជ្ញាធរបញ្ជូ​នយកមកធ្វើចត្តាឡីស័កនៅក្នុងក្រុង ដូនកែវ ខេត្តតាកែវ។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានមានប្រសាសន៍បន្ថែមថា នៅក្នុងខេត្តតាកែ​វ រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨០៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន២៤១នាក់ ស្លាប់ចំនួន០៤នាក់ ហើយអ្នកជំងឺចំនួន ៥៦៣នាក់ទៀតកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកក្រុង ស្រុក ក្នុងខេត្តតាកែវ៕

ដោយ អ៊ុច សៀង

You do not have permission to write comment on this post.

Log in Register