រដ្ឋមន្រ្ដីក្រសួងព័ត៌មានណែនាំដល់ទូរទស្សន៍ជាតិកម្ពុជា ត្រូវបន្តរៀបចំកម្មវិធីប្រកួត រ៉ូប៉ូត ប្រចាំឆ្នាំ និងកម្មវិធីស្នាដៃគំនូរជីវចល ឡើងវិញក្នុងឆ្នាំ២០២១នេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ — ដោយសារតែមានការអាក់ខានមិនបានរៀបចំកម្មវិធីក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានណែនាំដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់សម្រាប់ការរៀបចំកម្មវិធី​ក្រកួត រ៉ូប៉ូត ប្រចាំឆ្នាំ កម្មវិធីស្នាដៃគំនូរជីវចល ដោយពិនិត្យមើលនូវលទ្ធភាពក្នុងការរៀប​ចំ​​កម្មវិធីឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ដើម្បីពង្រឹងគុណភាព នៃកម្មវិធីនេះឱ្យ​បាន​​​កាន់តែ​ល្អ ដែលជំរុញឱ្យមានការចូលរួមប្រកួត និងការគាំទ្របានកាន់តែច្រើនបន្ថែមទៀត។ ការ​ណែ​នាំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់​ដឹក​នាំ​ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់គណៈកម្មការបណ្តុះ​បណ្តាល​វិក្រឹត្យការ និងវិជ្ជាជីវ:សារព័ត៌មាន លើកជាគម្រោងរៀបចំជាសិក្ខាសាលា និង បើកវគ្គបណ្តុះបណ្តាល ដោយផ្តោតជាសំខាន់ទៅលើតួនាទីរបស់អ្នកសារព័ត៌មាន ចំពោះ​ការអនុវត្តវិជ្ជាជីវៈ និងកិច្ច​សហការជាមួយអាជ្ញាធរមានសមត្ថិកច្ច ក្នុងការបំពេញកិច្ចការ​ងារ ប្រកបដោយភាព​ត្រឹម​ត្រូវ។ ទន្ទឹមនេះ ត្រូវសិក្សាឈ្វេងយល់អំពីទិដ្ឋភាពច្បាប់ បទ​ដ្ឋាន​​​គត្តិ​យុត្តផ្សេងៗ ដែល​បំពេញ​​ដល់តួនាទី ភារកិច្ច របស់អ្នកសារព័ត៌មាន ជាពិសេសគឺ​ការ​​ត្រៀម​រៀបចំក្នុងការឈ្វេង​យល់ ការប្រើប្រាស់ច្បាប់នៅក្នុងវិស័យសារព័ត៌មាន ដើម្បី​បម្រើផល​​​​ ប្រយោជន៍ដល់​អ្នក​សារព័ត៌មាន ដែលកំពុងបំពេញកិច្ច ការងារប្រកបដោយ​ក្រម​សីល​ធម៌ វិជ្ជាជីវៈត្រឹមត្រូវ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ការយល់ដឹងអំពីច្បាប់ និង​ក្រមសីល​ធម៌ វិជ្ជាជីវៈរបស់អ្នក​សារព័ត៌មាន នឹងធ្វើឱ្យពួកគេកាន់តែមានតម្លៃ និងមាន​គុណ​​ភាព ចៀសវាងការអនុវត្ត​វិជ្ជាជីវៈ ដែលប្រាសចាកពីក្រមសីល​ធម៌របស់អ្នកសារ​ព័ត៌​មាន នៅ​កម្ពុជា។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ក៏មានការបង្ហាញជូននូវសៀវភៅកំណាព្យ ដែល ទើបបោះពុម្ពរួចរាល់ ហើយសៀវភៅកំណាព្យស្ដីពី «កម្រងផ្កា ហុងដាសេតសង់» ប្រជុំ​កំណាព្យ អ្នកទើបសង្រ្គោះពីស្ថាននរក (សម័យឆ្នាំ ១៩៧៩) ចងក្រងដោយឯកឧត្តម ខៀវ ណាវី ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាអតីតអ្នកកាសែតកម្ពុជា ។

 ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ដោយធ្វើការរម្លឹកអំពី​ប្រវត្តិរបស់​បញ្ញាវន្តខ្មែរ ក្នុងសម័យ​កាល ដែលជីវិតរស់រានជាលើកទី២ ក្រោយទិវាមហាជ័យជម្នះ ៧ មករា និងជាការ​ឧទ្ទិស​ដល់វិញ្ញាណខន្ធ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន ផងដែរ។ ឯកឧត្ដម​រដ្ឋមន្រ្ដីបានលើកឡើងថា សម្រាប់សៀវភៅកំណាព្យនេះដែរ ក៏នឹងចែកជូនដល់មន្ទីរព័ត៌​មាន រាជធានី ខេត្ត និងជូនទៅតាមបណ្ណាល័យមួយចំនួន ដើម្បី​ទុកជាឯកសារ និងសម្រាប់​អ្នកជំនាន់ក្រោយបានមើល យល់ដឹងពីសម័យកាលនោះ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register