រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនវៀតណាម បន្តអប់រំប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ — ក្នុងលិខិតផ្ញើជូនអភិបាលខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋកម្ពុជាឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមវិធានការរបស់ក្រសួង សុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រមជាមួយគ្នានេះ ត្រូវធ្វើការសម្របសម្រួល និងទំនាក់ទំនងជាមួយអភិបាលខេត្ត ជាប់ព្រំដែនវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំផ្ទាល់ ដោយអនុវត្តន៍តាមវិធានការនានារបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើតាមការគូស បញ្ជាក់របស់សម្តេចក្រឡាហោម ។

បន្ថែមពីនេះសម្តេចក្រឡាហោម ក៏បានណែនាំឱ្យអភិបាលខេត្តនៃប្រទេសកម្ពុជា ដែលមាន ព្រំដែនជាប់ជាមួយវៀតណាមឱ្យមានការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ។

ក្នុងនោះ ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមតំបន់ព្រំដែន នៃខេត្តនីមួយៗ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរទំនិញកសិផល គ្រឿងឧបភោគបរិភោគនៅតាមព្រំដែន សំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ៕

ដោយ ចាន់ សុធីវង្ស

You do not have permission to write comment on this post.

Log in Register