ការស្តារប្រឡាយបឹងទំពន់សម្រេចបាន៦០ភាគរយហើយ ដើម្បីរំដោះទឹកក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញនារដូវវស្សាឆ្នាំនេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២១ — អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឃួង ស្រេង ជាអភិបាលរាជ ធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញ បាន និងកំពុងប្រឈមមុខការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានី មានទាំងការស្តារប្រ ឡាយ លូ ការស្ថាបនាលូថ្មីៗនៅតែបន្តធ្វើសកម្មភាព ដោយមិនមានការអាក់ខានឡើយ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា ដោយមាន ការយកចិត្តទុក្ខដាក់ និងការណែនាំពីឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅក្នុងរាជធានី ខណៈនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និង ស្ថានីយចម្រោះទឹកកខ្វក់ ជាអ្នកអនុវត្តន៍បានធ្វើសកម្មភាព បន្តការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីបង្ហូរជំនន់ទឹក ភ្លៀងនារដូវវស្សានេះ។

លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ៣៧១។ ដោយចាប់ ផ្តើមស្តារកាលពីថ្ងៃទី០៥ ខែមេសា ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយ បឹងទំពន់សម្រេចបាន៦០ភាគរយហើយ ដែលមានប្រវែង២២០០ម៉ែត្រ។ ប្រឡាយ នេះមាន តួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេស រំដោះទឹកពី ក្នុងខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះក្នុង ខណ្ឌចំការមន និងខណ្ឌ៧មករា។

លោក ដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវទៅតាមទីតាំង ដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុង ប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register